ខេត្តស្វាយរៀង៖ មានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសាច់ញាតិក្រុមគ្រួសារទាំងក្បាលល្ងាចបន្ទាប់ពីបុរសម្នាក់ជាមន្ត្រីនគរបាលបានធ្វើអត្តឃាតបាញ់សម្លាប់ខ្លួនឯងនៅក្នុងរថយន្ត ដែលគេសង្ស័យថាអាចមានជំងឺប្រចាំកាយនិងមានបញ្ហាក្នុងគ្រួសារនៅស្រុកកំពង់រោទ៍។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង២៥នាទីល្ងាចថ្ងែទី១៨ខែមិថុនាឆ្នាំ២០២៣ នៅក្នុងរថយន្ត ស្ថិតក្នុងភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៍។
យោងតាមនគរបាលស្រុកបានអោយដឹងថា បុរសខាងលើមានឈ្មោះសៅ ទិត្យរីណា អាយុ៣៦ឆ្នាំ មុខរបរនគរបាល មានទីលំនៅភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៍ខេត្តស្វាយរៀង។
ប្រភពដដែលបន្តថា កាលពីវេលាម៉ោង៥និង២៥នាទីល្ងាចមន្ត្រីប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំថ្មីបានទទួលព័ត៌មានពីលោកមេភូមិជប់ព្រីងថា នៅក្នុងរថយន្ត ស្ថិតក្នុងភូមិជប់ព្រីង ឃុំថ្មី ស្រុកកំពង់រោទ៍មានករណីមនុស្សបាញ់សម្លាប់ខ្លួនឯង។
ក្រោយពីទទួលបានព័ត៌មានខាងលើនេះភ្លាម កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកកំពង់រោទ៍ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មី និងអ្នកគ្រូពេទ្យមណ្ឌលសុខភាពបានចុះទៅដល់កន្លែងកើតហេតុដើម្បីស្រាវជ្រាវករណីខាងលើ ឃើញថា ជនរងគ្រោះបានយកកាំភ្លេីងខ្លី ម៉ាក(CZP07)ពណ៌ខ្មៅបាញ់ចំស្នៀតផ្កាខាងឆ្វេងបណ្តាលឱ្យស្លាប់នៅក្នុងរថយន្ត។
បើតាមចម្លើយរបស់ឈ្មោះសៅ សាមាន ភេទប្រុស អាយុ៦២ឆ្នាំ ត្រូវជាឪពុករបស់សពបានឆ្លើយបញ្ជាក់ប្រាប់សមត្ថកិច្ចថា កូនរបស់ខ្លួនមានជំងឺប្រចាំកាយហើយព្យាបាលអស់ជាច្រេីនឆ្នាំមកហេីយមិនបានធូរស្រាលសោះ ណាមួយមានបញ្ហាក្នុងគ្រួសារ ធ្វើឱ្យការរស់នៅផ្សេងគ្នាមួយរយៈផងដែរ។
បើផ្អែកតាមការពិនិត្យកន្លែងកើតហេតុនិងសាកសព និងការស្ដាប់ចម្លើយសាក្សីបំភ្លឺ សមត្ថកិច្ចអាចសន្និដ្ឋានបានថា បុរសខាងលើស្លាប់ដោយសារអំពើអត្តឃាតបាញ់សម្លាប់ខ្លួនឯងប្រាកដមែន។
បច្ចុប្បន្ន សាកសពសមត្ថកិច្ចបានតម្កល់ទុកនៅផ្ទះក្រុមគ្រួសារដេីម្បីធ្វើបុណ្យតាមប្រពៃណី៕
ដោយ៖ សុថាន