ព័ត៌មានទាន់ហេតុការណ៍៖

លោក ង៉ុយ ហាក់ ៖ សម្តេចតេជោ គឺជាបិតាស្ថាបនិកសន្តិភាព និងជាបិតាបង្រួបបង្រួមសាមគ្គីភាពខ្មែរតែមួយ នៅទូទាំងប្រទេសកម្ពុជា តាមរយៈ នយោបាយឈ្នះឈ្នះ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោក ង៉ុយ ហាក់ អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុករមាសហែកនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ត្រាច ស្រុករមាសហែក បានថ្លែងថា សម្តេចតេជោ គឺជាបិតាស្ថាបនិកសន្តិភាព និងជាបិតាបង្រួបបង្រួម សាមគ្គីភាពខ្មែរតែមួយ នៅទូទាំងប្រទេសកម្ពុជា តាមរយៈ នយោបាយឈ្នះឈ្នះ ដែលទើបមានអាយុកាល ២៥ ឆ្នាំប៉ុណ្ណោះ ហើយសន្តិភាពនេះ គឺជាកត្តាស្លាប់រស់ និងសំខាន់បំផុត សម្រាប់ភាពសុខដុមរមនា របស់ប្រជាជនកម្ពុជា និងកំណើនសេដ្ឋកិច្ចជាតិ។

ការថ្លែងបែបនេះធ្វើឡើងនារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៣ក្នុង ពិធី ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាចំនួន២៤៧នាក់ នៅឃុំកំពង់ត្រាច ស្រុករមាសហែក ស្ថិតនៅស្នាក់ការគណបក្សប្រជាជនឃុំកំពង់ត្រាច។

ក្នុងឱកាសនោះ លោក ស៊ូ ម៉ុល ប្រធានគណបក្សប្រជាជនស្រុករមាសហែក បាននាំនូវប្រសាសន៍ផ្តាំផ្ញើ និងសាកសួរសុខទុក្ខពីសំណាក់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជន សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះជួយខេត្តស្វាយរៀង លោក ម៉ែន វិបុល ប្រធានគណបក្សប្រជាជនខេត្ត ក៏ដូចជា លោក សៅ សុខា ប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុករមាសហែក ជូនដល់សមាជិកបក្ស ដែលទើបនឹងចូលរួមជីវភាពជាមួយនឹងគណបក្សប្រជាជនកម្ពុជា នាពេលនេះ។

លោក ក៏បានលើកឡើងអំពីប្រវត្តិនិងស្នាដៃ របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានវ័យចំណាស់ មានភាពចាស់ទុំ បានដាក់ចេញនូវកម្មវិធីនយោបាយដ៏ត្រឹមត្រូវ និងមានគុណបំណាច់ បានកសាងសមិទ្ធផលជាច្រើន ក្នុងបុព្វហេតុជាតិ មាតុភូមិ ព្រមទាំងបានឆ្លងកាត់ការលំបាកគ្រប់បែបយ៉ាងជាមួយប្រជាពលរដ្ឋ រហូតនាំឲ្យប្រទេសមានសុខសន្តិភាពពេញលេញ និងមានការអភិវឌ្ឍដូចសព្វថ្ងៃ។

លោក បានបន្តថាគណបក្សប្រជាជនកម្ពុជា មានគុណតម្លៃច្រើនណាស់ ជាប្រវតិ្តសាស្រ្ត សម្រាប់ជាការជ្រើសរើស ដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជា ក្នុងការបន្ត ដឹកនាំប្រទេសជាតិ និងការអភិវឌ្ឍ ហើយ ការសម្រេចចិត្តរបស់បងប្អូន សមាជិកដែលបញ្ចូលថ្មីនាពេលគឺត្រឹមត្រូវហើយដោយសារ គណបក្សប្រជាជនកម្ពុជា ជាគណបក្សដែលមានធនធានមនុស្សគ្រប់គ្រាន់ និងតែងតែគិតគូរអំពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់ទីកន្លែង និងគ្រប់កាលៈទេសៈ ទោះជាស្ថិតក្នុងដំណាក់កាលណាក៏ដោយ ជាពិសេសក្នុងដំណាក់កាលនៃការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ-១៩ ដែលក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត និងឈ្លាសវៃ របស់សម្តេចតេជោហ៊ុន សែន ប្រធានគណបក្ស ក្នុងការកំណត់យកការចាក់វ៉ាក់សាំងបង្ការ ជាវិធានការយុទ្ធសាស្រ្តគន្លឹះដោយ បច្ចុប្បន្នកម្ពុជាយើងសម្រេចបានសន្ទទស្សន៍នៃការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសមូលដ្ឋាននិងដូសជំរុញតាមផែនការកំណត់ ដើម្បីធានាបានភាពស៉ាំសហគមន៍ និងការរស់នៅតាមបែបគន្លងប្រក្រតីភាពថ្មី។

លោក ង៉ុយ ហាក់ អនុប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុករមាសហែកនិងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកំពង់ត្រាចស្រុករមាសហែកបានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជាបានកសាងនូវសមិទ្ធិផល និងស្នាដៃជាច្រើននៅទូទាំងប្រទេស ក្នុងនោះស្រុករមាសហែក យើង ក៏មានការរីកចម្រើនគួរឲ្យកត់សម្គាល់ តាមរយ: ការកើនឡើងនូវហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ថ្នល់ខ្វាត់ខ្វែង សាលារៀន មន្ទីរពេទ្យ សាលារៀន ក្រោមការជួយឧបត្ថមជ្រោមជ្រែង ពីសំណាក់លោក សៅសុខាប្រធានក្រុមការងារគណបក្សប្រជាជនចុះមូលដ្ឋានស្រុករមាសហែកផងដែរ។

ទាំងនេះជាមោទនភាព របស់គណបក្សប្រជាជនកម្ពុជា ដែលគ្មានគណបក្សណា អាចប្រៀបផ្ទឹម បាននាំយកសុខសន្តិភាពនេះ ជូនប្រជាពលរដ្ឋបានទេ ហើយក៏គ្មានគណបក្សណា ដែលមានសមត្ថភាព ក្នុងការនាំមកនូវ ការអភិវឌ្ឍន៍ សេដ្ឋកិច្ចសង្គម លើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ ដូចគណបក្សប្រជាជនកម្ពុជាបាននោះទេ។

លោក បានបន្ថែមទៀតថា ក្រោយពីប្រទេសជាតិរួចផុតពីសង្គ្រាមមក ការកសាង អភិវឌ្ឍន៍ នៅតាមមូលដ្ឋាន កំពុងរីកចម្រើនពេញផ្ទៃប្រទេស ដូចពេលនេះ គឺដោយសារកត្តាសុខសន្តិភាព ដូច្នោះហើយ យើងត្រូវរួមសាមគ្គីភាព គ្នាថែរក្សា នូវសមិទ្ធផលថ្មីៗដែលមាន និងបន្តការពារគាំទ្រការអភិវឌ្ឍបន្តទៀត។

បន្ទាប់មក លោក  ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋត្រូវត្រៀមលក្ខណ:សម្បត្តិឲ្យបានគ្រប់គ្រាន់សម្រាប់បំពេញកាតាព្វកិច្ច ជាពលរដ្ឋក្នុងការចូលរួម ក្នុងការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧ នាពេលខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ ដើម្បីរក្សាការអភិវឌ្ឍន៍ និងរក្សាការងាររបស់បងប្អូនទាំងអស់គ្នា ជាពិសេសបន្តគាំទ្រសម្ដេចតេជោហ៊ុន សែន ធ្វើជានាយករដ្ឋមន្ត្រីនិងគាំទ្របេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត គឺលោកបណ្ឌិត ហ៊ុន ម៉ាណែត ផងដែរ ៕

ដោយ៖ សុថាន


ចែករំលែក៖