ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចតេជោថា ៖ «ប្រវត្តិនៃការដោះស្រាយទឹកនៅក្នុងទីក្រុងភ្នំពេញនេះគឺមិនមែនជារឿងសាមញ្ញទេ»

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា  បានលើកពីការលំបាកនៃប្រជាពលរដ្ឋដែលរស់នៅក្នុងរាជធានីភ្នំពេញពីឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៩៥ ដែលពេលនោះនៅមានកង្វះខាតទឹកប្រើប្រាស់ ខណៈសម្ដេចខ្លួនឯងផ្ទាល់ក៏ឆ្លងកាត់បទពិសោធន៍នេះផងដែរ។

ថ្លែងនៅក្នុងពិធីសម្ពោធរោងចក្រផលិតទឹកស្អាតបាក់ខែង នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្ដេចខ្លួនឯងបានឆ្លងកាត់នូវបទពិសោធន៍ នៃការកង្វះខាតទឹកក្នុងរាជធានីភ្នំពេញ ដោយសម្ដេចខ្លួនឯងត្រូវងើបទៅដងទឹកចេញពីទន្លេដើម្បីយកមកប្រើប្រាស់។

សម្ដេចថា សូម្បីតែសម្ដេចខ្លួនឯងផ្ទាល់ដែលមាននាទីជារដ្ឋមន្ត្រីការបរទេសនិងជានាយករដ្ឋមន្ត្រីផងក៏ត្រូវប្រើប្រាស់ទឹកពាងដើម្បីងូតផងដែរនៅពេលនោះ។

សម្ដេចថា៖ «ប្រវត្តិនៃការដោះស្រាយទឹកនៅក្នុងទីក្រុងភ្នំពេញនេះគឺមិនមែនជារឿងសាមញ្ញទេ»។ 

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្ទះសម្តេច ក៏ត្រូវបង់ថ្លៃទឹក និងភ្លើងដូចគ្នា បើមិនបង់គេនឹងទាមទារ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា តម្លៃទឹកត្រូវបានគិតទៅតាមចំនួនទឹកដែលប្រើប្រាស់។ នេះជាគោលនយោបាយជួយអ្នកមានជីវភាពខ្វះខាត បើគាត់ប្រើតិច គឺតម្លៃទឹកគិតធូថ្លៃផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើបន្តរួមគ្នាអភិវឌ្ឍន៍ គឺកម្ពុជានឹងមានសមិទ្ធផលជាបន្តបន្ទាប់។

សម្តេចតេជោ ហ៊ុន សែន លើកឡើងថា : សម្តេចមានមោទនភាព ដែលបានផ្សារភ្ជាប់ជីវិតជាមួយដំណើរការវិវឌ្ឍន៍ឥតដាច់របស់រាជធានីភ្នំពេញ។

 សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្រោយបោះឆ្នោត សម្តេចនឹងបន្តជួបជាមួយកម្មករ កម្មការិនីជាបន្តទៀត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មកដល់ពេលនេះមិនមានប្រទេសណាតិះទៀនកម្ពុជារឿងរៀបចំប្រកួតស៊ីហ្គេមនោះឡើយ។ នេះជាមោទនភាពសម្រាប់កម្ពុជា ៕

ដោយ ៖ សិលា


ចែករំលែក៖