ព័ត៌មានទាន់ហេតុការណ៍៖

រលកកម្តៅវាយប្រហាររដ្ឋចំនួន២នៅឥណ្ឌា មានអ្នកស្លាប់កើនឡើងជិត១០០នាក់និងរាប់រយនាក់ត្រូវចូលមន្ទីរពេទ្យ

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១៩ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា ក្រុមមន្ត្រីនៅក្នុងប្រទេសឥណ្ឌា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅបានឱ្យដឹងថា មនុស្សយ៉ាងហោចណាស់៩៦នាក់បានស្លាប់ ដោយសារតែរលកកម្ដៅ នៅក្នុងរដ្ឋចំនួន ២ នៃប្រទេស។
ជនរងគ្រោះដែលបានបាត់បង់ជីវិតត្រូវបានរាយការណ៍នៅក្នុងរដ្ឋ អ៊ូតតា ប្រាដែស (Uttar Pradesh) ស្ថិតនៅភាគខាងជើង និងរដ្ឋប៊ីហា (Bihar) ស្ថិតនៅភាគខាងកើត ប្រទេសឥណ្ឌា ខណៈដែលអាជ្ញាធរបានណែនាំឱ្យមនុស្សមានអាយុ៦០ឆ្នាំឡើងទៅនិងអ្នកមានបញ្ហាសុខភាពត្រូវស្នាក់នៅក្នុងផ្ទះ នៅពេលថ្ងៃ។
តាមអាជ្ញាធរឥណ្ឌា អ្នកស្លាប់ទាំង ៥៤នាក់នៅក្នុងរដ្ឋ Uttar Pradesh ត្រូវបានរាយការណ៍នៅក្នុងស្រុក Ballia ដែលសិ្ថតនៅចម្ងាយ៣០០គីឡូម៉ែត្រពីទីក្រុង Lucknow ដែលជារដ្ឋធានីនៃរដ្ឋ Uttar Pradesh។ ម្យ៉ាងវិញទៀត អាជ្ញាធរក៏បានរកឃើញដែរថា អ្នកស្លាប់ភាគច្រើនសុទ្ធសឹងតែជាមនុស្សមានអាយុ៦០ឆ្នាំឡើង និងមានបញ្ហាសុខភាពស្រាប់ឬមានជំងឺ ប្រចាំកាយដែលមិនអាចទ្រាំទ្រនឹងកម្ដៅក្ដៅខ្លាំងបាន។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅ សីតុណ្ហភាពក្នុងស្រុក Ballia បានឡើងដល់ ៤៣អង្សាសេ ពោលគឺលើសកម្រិតសីតុណ្ហភាពធម្មតា៥អង្សាសេ៕

ដោយ៖ ធីរីណា(រូប​ថត​៖ laodong.vn)


ចែករំលែក៖