ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចុះបង្ក្រាបនិងធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមភេទប្រុសចំនួន១៤នាក់ពាក់ព័ន្ធករណី កាប់ទៅលើបុរសម្នាក់រងរបួសធ្ងន់នៅក្នុងស្រុកចន្ទ្រា

ចែករំលែក៖

   ខេត្តស្វាយរៀង៖ សមត្ថកិច្ចចុះបង្ក្រាបនិងធ្វើការឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាមភេទប្រុសចំនួន១៤នាក់ពាក់ព័ន្ធករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសកាប់ទៅលើបុរសម្នាក់រងរបួសធ្ងន់នៅក្នុងស្រុកចន្ទ្រា។

     ការចុះបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី ២០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០៨និង៣០នាទីនៅត្រង់ចំណុច វីឡាលេខ 03 Y04 នៅក្នុងបរិវេណកាសុីណូសៀងហៃរីសត ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។

     សមត្ថកិច្ចនគរបាលបានឱ្យដឹងថា ដោយមានការសម្របសម្រួលពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង លោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនព្រហ្មទណ្ឌ បានដឹកនាំកម្លាំងជំនាញព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង កម្លាំងអធិការដ្ឋាននគរបាលស្រុកចន្រ្ទា និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសំរោងបានចុះធ្វើការឆែកឆេរនៅត្រង់ចំណុចវីឡាលេខ 03 Y04 នៅក្នុងបរិវេណកាសុីណូសៀងហៃរីសត ស្ថិតក្នុងភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ខេត្តស្វាយរៀង ដែលជាប់ទាក់ទងក្នុងករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស កាលពីថ្ងៃទី ១៧ ខែ មិថុនា ឆ្នាំ២០២៣ វេលាម៉ោង២២:៣០នាទី ដោយឃាត់ខ្លួនជនសង្ស័យចំនួន១៤នាក់ (ប្រុស)ជាជនជាតិវៀតណាម និងដកហូតវត្ថុតាងរួមមាន ៖

១- អាវុធខ្លី ០៣ ដើម

២- កាំបិតផ្គាក់មួយចំនួន

៣- កាំបិតខ្លី ០៣ ដើម

៤- ទូដែកចំនួន០៣ (គ្មានសម្ភារ)

៥- កាបូបស្ពាយមួយចំនួន

    បច្ចុប្បន្នជនសង្ស័យជាជនជាតិវៀតណាមទាំង១៤នាក់ខាងលើ កម្លាំងនគរបាលជំនាញផ្នែកព្រហ្មទណ្ឌពេលសួរនាំរួចហើយបានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀងដើម្បីចាត់ការបន្តតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖