ព័ត៌មានទាន់ហេតុការណ៍៖

អឺរ៉ុបនិងអាមេរិកប្រកាសផ្តល់ជំនួយកសាងអ៊ុយក្រែនឡើងវិញមានទឹកប្រាក់ជាង៥០ពាន់លានដុល្លារ

ចែករំលែក៖

នៅថ្ងៃទី ២០ ខែមិថុនា សហគមន៍អឺរ៉ុបបានស្នើដល់បណ្តាប្រទេសជាសមាជិកផ្តល់ប្រាក់ជំនួយ៥០ ពាន់លានដុល្លារដល់ប្រទេសអ៊ុយក្រែន ក្នុងការកសាងប្រទេសជាតិឡើងវិញ ។
ចំណែកអាមេរិកនឹងផ្តល់ជំនួយសេដ្ឋកិច្ចចំនួន១.៣ពាន់លានដុល្លារថែមទៀត ដើម្បីជួយអ៊ុយក្រែនកសាងប្រទេសឡើងវិញ។
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក អាន់តូនី ប៊្លីនខិន (Antony Blinken) នៅថ្ងៃពុធនេះបានប្រកាសថា សហរដ្ឋអាមេរិកនឹងផ្តល់ជំនួយផ្នែកសេដ្ឋកិច្ច ទំហំ១.៣ពាន់លានដុល្លារថែមទៀតដល់អ៊ុយក្រែន ដើម្បីជួយប្រទេសដែលហែកហួរដោយសង្រ្គាមឈ្លានពានមួយនេះ ធ្វើកំណែទម្រង់បណ្តាញថាមពលអគ្គិសនី ហើយធ្វើទំនើបកម្មច្រកព្រំដែន កំពង់ផែ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត។
ថ្លែងក្នុងសន្និសីទស្តីពីកិច្ចប្រឹងប្រែងជួយអ៊ុយក្រែនស្រោចស្រង់ខ្លួនងើបពីសង្រ្គាម ដែលរៀបចំឡើងនៅទីក្រុងឡុងដ៍របស់ចក្រភពអង់គ្លេស លោក ប៊ី្លនខិន បាននិយាយដូច្នេះថា «ការស្តារឡើងវិញគឺផ្តោតជាសំខាន់ទៅលើ ការរៀបចំមូលដ្ឋានគ្រឹះសម្រាប់ឱ្យអ៊ុយក្រែនអាចវិវត្តខ្លួនក្លាយទៅជាប្រទេសឯករាជ្យមួយដែលមានសន្តិសុខ និងត្រូវបានធ្វើសមាហរណកម្មពេញលេញជាមួយអឺរ៉ុប។ ដោយមានការគាំទ្រពីសភាជាតិអាមេរិក យើងនឹងផ្តល់ជំនួយបន្ថែមទៀតទំហំ១.៣ពាន់លានដុល្លារ ដើម្បីជួយអ៊ុយក្រែនឆ្ពោះទៅសម្រេចបានគោលដៅនោះ»។
បើតាមលោករដ្ឋមន្រ្តីការបរទេស នៅក្នុងថវិកាជាង១ពាន់លានដុល្លារនោះ ៥២០លានដុល្លារនឹងត្រូវប្រើសម្រាប់ជួយអ៊ុយក្រែន កែទម្រង់បណ្តាញថាមពលអគ្គិសនីរបស់ខ្លួន ដែលបានទទួលបានរងការខូចខាតយ៉ាងដំណំ ដោយសារតែការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៉ី ខណៈ៦៥៧លានដុល្លារនឹងត្រូវយកទៅប្រើដើម្បីជួយធ្វើទំនើបកម្មច្រកចេញចូលព្រំដែន កំពង់ផែ ផ្លូវដែក និងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗផ្សេងទៀត។ ក្រៅពីនេះ ខ្ទង់១០០លានដុល្លារនឹងត្រូវប្រើសម្រាប់ការធ្វើឌីជីថលូបនីយកម្ម ប្រព័ន្ធគយនិងប្រព័ន្ធដទៃទៀតរបស់អ៊ុយក្រែន ក្រោមគោលដៅបង្កើនភាពឆាប់រហ័ស និងកាត់បន្ថយអំពើពុករលួយ ហើយ៣៥លានដុល្លារសម្រាប់ជួយទ្រទ្រង់ដល់អាជីវកម្មនៅអ៊ុយក្រែន តាមរយៈការផ្តល់ហិរញ្ញប្បទាននិងការធានារ៉ាប់រង។
កញ្ចប់ជំនួយថ្មីខាងលើ គឺបន្ថែមពីលើទឹកប្រាក់សរុបជាង២០ពាន់លានដុល្លារនៅក្នុងទម្រង់ជាជំនួយផ្នែកសេដ្ឋកិច្ចនិងអភិវឌ្ឍន៍ដែលសហរដ្ឋអាមេរិកបានផ្តល់ឱ្យទៅអ៊ុយក្រែន នាពេលកន្លងមក៕ ដោយ៖ ធីរីណា

រូប​ថត​៖ Reuters


ចែករំលែក៖