ខេត្តបន្ទាយមានជ័យ៖ រថយន្តមួយគ្រឿងបើកបុកមនុស្ស២នាក់ជិះម៉ូតូឆ្លងផ្លូវបណ្តាលឱ្យស្លាប់ម្នាក់ និងរងរបួសធ្ងន់ម្នាក់ កាលពីល្ងាចថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៣នៅផ្លូវវាងក្រុងស្ថិតក្នុងភូមិគាប សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ។
សមត្ថកិច្ចប្រាប់ឱ្យដឹងថា៖ មុនកើតហេតុគេឃើញជនរងគ្រោះ២នាក់ជិះម៉ូតូហុងដាឌ្រីមកម្លាំង១១០cc ពាក់ផ្លាកលេខសៀមរាប1K-5946 បានបើកបរឆ្លងផ្លូវពីត្បូងទៅជើង។ ចំណែករថយន្តបង្កត្រូវបានគេស្គាល់ថាជារថយន្តតូយ៉ូតារ៉ាលីស៊េរីឆ្នាំ២០២៣ពណ៌ខ្មៅបើកបរក្នុងល្បឿនលឿនក្នុងទិសដៅពីកើតទៅលិចបានបុកម៉ូតូធ្វើឱ្យប៉ើងមនុស្សជិត២០ម៉ែត្របណ្ដាលឱ្យស្លាប់ម្នាក់នៅនឹងកន្លែង រីឯម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់ ចំណែករថយន្តបង្កបើកទៅមុខគេចបាត់ស្រមោល។
ក្រោយគ្រោះថ្នាក់ចរាចរណ៍កើតឡើងភ្លាមៗគេឃើញមន្ត្រីចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យបានមកដល់និងសម្រួលចរាចរណ៍ហើយធ្វើការវាស់វែងលើកយកសាកសពដាក់លើរថយន្តសង្គ្រោះដឹកយកទៅទុកនៅវត្តដើម្បីស្រាវជ្រាវរកសាច់ញាតិ ហើយសមត្ថកិច្ចក៏បានស្រាវជ្រាវរករថយន្តបង្កដើម្បីចូលខ្លួនដោះស្រាយតាមផ្លូវច្បាប់ផងដែរ។
ក្រោយមកនគរបាលប្រាប់ថា ស្គាល់អត្តសញ្ញាណជនរងគ្រោះម្នាក់រស់នៅភូមិបត់ត្រង់តូច ឃុំបត់ត្រង់ ស្រុកមង្គលបុរី គឺជនរងគ្រោះដែលស្លាប់ឈ្មោះ មៃ មុំ ភេទប្រុស អាយុប្រមាណជាង៥០ឆ្នាំ(ជាពោះម៉ាយកូន១)និងអ្នករងរបួសធ្ងន់មិនទាន់ស្គាល់ឈ្មោះតែដឹងថារស់នៅក្បែរគ្នា។ ក្រោយមកសពជនរងគ្រោះត្រូវបានសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ វណ្ណា