ភ្នំពេញ ៖ ពលរដ្ឋមានកម្រិតជីវភាពខ្វះខាត ដែលប្រកបរបរជា កម្មករ អ្នកអនាម័យ អ្នកជញ្ជូនអីវ៉ាន់ សន្តិសុខ អ្នករត់ម៉ូតូឌុប និងអ្នករត់ស៊ីក្លូជាដើម នៅជុំវិញផ្សារអូរឬស្សី ដែលមានកម្រិតជីវភាពខ្វះខាតជួបការលំបាកខ្លាំង ត្រូវបានគិតគូរយកចិត្តទុកដាក់ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដោយសម្តេចទាំងទ្វេ បានបន្តផ្តល់អំណោយ ចែកជូនដល់ពួកគាត់ទាំងអស់គ្នាផងដែរ ។
អំណោយសម្តេចតេជោប្រមុខថ្នាក់ដឹកនាំទាំងទ្វេ បានផ្តល់ឱ្យតាមរយៈរដ្ឋបាលរាជធានីភ្នំពេញ មកកាន់រដ្ឋបាលខណ្ឌ៧មករា នឹងបន្តចូលទៅតាមផ្សារ ដើម្បីគិតគូរ នឹងចែកជូនពលរដ្ឋ ដែលមានជីវភាពខ្វះខាត។ ការចែកជូនអំណោយសម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់ក្រុមពលរដ្ឋប្រកបរបរជុំវិញផ្សារអូរឬស្សី មានកម្រិតជីវភាពខ្វះខាតនៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣ខាងលើនេះ គឺធ្វើឡើងក្រោមវត្ត លោកថេង សុថុល អភិបាលខណ្ឌ៧មករា លោកឡយ ស៊ាងអាង ប្រធានផ្សារអូរឬស្សី និងក្រុមការងារជាច្រើនរូបទៀតផងដែរ ។
ប្រជាពលរដ្ឋ បានបង្ហាញក្តីសប្បាយរីករាយ ចំពោះការទទួលបានអំណោយរបស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅពេលនេះ ហើយអំណោយនៅពេលនេះទោះតិចក្តីឬច្រើនក្តី ក៏វាបានជួយរំលែកដល់ភាពលំបាកក្នុងជីវភាពរបស់ពួកគាត់មួយរយៈពេលផងដែរ ។ ពួកគាត់បន្តថា សកម្មភាពផ្តល់ឱ្យនៅពេលនេះ វាជាការសបញ្ជាក់ឱ្យឃើញពី ការគិតគូររបស់ថ្នាក់ដឹកនាំ លើសុខទុក្ខរបស់ពលរដ្ឋមានជីវភាពខ្វះខាត ដោយសម្តេចទាំង២ តែងនៅគៀកជាប់ជានិច្ចជាមួយទុក្ខលំបាកប្រជាពលរដ្ឋ ហើយតែងបន្តជួយរំលែកនូវការខ្វះខាតនេះជាបន្តបន្ទាប់រហូតមកផងដែរ ។
លោក ឡយ ស៊ាងអាង ប្រធានគណៈកម្មការផ្សារអូរឬស្សី បានប្រាប់ឱ្យដឹងថា ៖ អំណោយរបស់សម្តេចទាំងទ្វេ ក្នុងការចែកជូនពលរដ្ឋមានកម្រិតជីវភាពខ្វះខាតនៅព្រឹកនេះ គឺសរុប១០០នាក់ ដោយក្នុងម្នាក់ៗ ពួកគាត់ទទួលបានអង្ករមួយបាវ ទម្ងន់២៥គីឡូក្រាម និងថវិកាមួយចំនួនផងដែរ៕
ដោយ ៖ រ៉ារ៉ា