កប៉ាល់ Polar Prince បានចូលទៅជិតតំបន់ដែលលិចកប៉ាល់ទីតានិកក្នុងមហាសមុទ្រអាត្លង់ទិក នៅព្រឹកថ្ងៃទី១៨ ខែមិថុនា។ សេចក្តីថ្លែងការណ៍នៅលើបណ្តាញសង្គម Facebook របស់មហាសេដ្ឋី Hamish Harding ដែលជាអ្នកដំណើរម្នាក់ក្នុងចំណោមអ្នកដំណើរទាំងប្រាំនាក់បាននិយាយថា ការជ្រមុជទឹកនៃនាវាមុជទឹក Titan បានចាប់ផ្តើមនៅម៉ោង 4 ព្រឹក (ម៉ោងក្នុងតំបន់) ថ្ងៃទី១៨ខែមិថុនា។
ឆ្មាំឆ្នេរសមុទ្រទីក្រុងបូស្តុនបាននិយាយថា “កប៉ាល់បានចាប់ផ្តើមមុជទឹកនៅព្រឹកថ្ងៃទី 18 ខែមិថុនា នាវិកនៃកប៉ាល់«មេ» Polar Prince បានបាត់បង់ទំនាក់ទំនងជាមួយអ្នកដំណើរនៅលើនាវាមុជទឹកធុនតូច Titan ប្រហែលមួយម៉ោងនិង45នាទីបន្ទាប់ពីដំណើរការបានចាប់ផ្តើម” ។
នាវាTitan ត្រូវបានគេជឿថាមានចម្ងាយប្រហែល 1,450 គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃឧបទ្វីប Cape Cod នៅពេលបាត់បង់ទំនាក់ទំនង។
ឧត្តមនាវីឯក John Mauger នៃឆ្មាំឆ្នេរសមុទ្រអាមេរិក កាលពីថ្ងៃទី 19 ខែមិថុនា (ម៉ោងក្នុងតំបន់) បាននិយាយថា ប្រតិបត្តិការជួយសង្គ្រោះបានប្រឈមមុខនឹងបញ្ហាជាច្រើន ដោយសារតែនេះគឺជាតំបន់ដែលនៅឆ្ងាយពីច្រាំង។
យោងតាមឧត្តមនាវីឯក John Mauger យុទ្ធនាការស្វែងរកមានទិដ្ឋភាពសំខាន់ពីរ។ ទីមួយគឺការស្វែងរកនៅលើទឹក ក្នុងករណីដែល Titan បានលេចចេញមក ប៉ុន្តែបាត់បង់ទំនាក់ទំនង។ ទិដ្ឋភាពទីពីរគឺការស្វែងរកនៅក្រោមសមុទ្រដោយប្រើបច្ចេកវិទ្យាសូណា។ ឆ្មាំឆ្នេរសមុទ្រអាមេរិកបានបញ្ជូនយន្តហោះ C-130 Hercules ចំនួនពីរគ្រឿង ដើម្បីចូលរួមក្នុងប្រតិបត្តិការរុករកនៅលើសមុទ្រ។ ទន្ទឹមនឹងនេះដែរ យន្តហោះឈ្លបយកការណ៍ C-130 និង P8 របស់កាណាដាដែលបំពាក់ដោយប្រព័ន្ធនាវាចរណ៍ sonar បានធ្វើការស្រាវជ្រាវរកកប៉ាល់នៅក្រោមសមុទ្រ។
ឧត្តមនាវីឯក Mauger បាននិយាយថា កម្លាំងជួយសង្គ្រោះនឹងត្រូវការបុគ្គលិកជំនាញបន្ថែមទៀត រួមទាំងពីកងទ័ពជើងទឹកសហរដ្ឋអាមេរិក ដើម្បីជួយសង្គ្រោះ Titan ប្រសិនបើនាវាមុជទឹកត្រូវបានរកឃើញនៅក្រោមសមុទ្រ ហើយកំពុងអំពាវនាវរកជំនួយ។
យោងតាមក្រសួងការពារជាតិកាណាដា បន្ថែមពីលើយន្តហោះ C-130 នាវាឆ្មាំឆ្នេរសមុទ្ររបស់ប្រទេស Kopit Hopson ក៏កំពុងជួយក្នុងការស្វែងរកផងដែរ។
Horizon Maritime ដែលជាសហម្ចាស់នៃ Polar Prince បានបញ្ជាក់ប្រាប់ BBC ថា យានជំនិះ និងកប៉ាល់ទីពីរគឺ Horizon Arctic ត្រូវបានបញ្ជូនទៅកាន់ទីតាំងនៃ Titan ដែលបាត់ខ្លួន។
ក្នុងចំណោមអ្នកដំណើរទាំងប្រាំនាក់នៅលើកប៉ាល់ Titan មានតែម្នាក់ប៉ុណ្ណោះដែលត្រូវបានគេកំណត់អត្តសញ្ញាណថាជា Hamish Harding ដែលជាអ្នកស្រាវជ្រាវ និងមហាសេដ្ឋីជនជាតិអង់គ្លេស។
Harding បានប្រកាសជាលើកដំបូងថាគាត់នឹងចូលរួមក្នុងការធ្វើដំណើរនៅខែមិថុនាឆ្នាំ 2022 ដោយបន្ថែមថាអ្នកដំណើររបស់គាត់រួមមាន “អ្នករុករករឿងព្រេងនិទាន ជាមួយនឹងការមុជទឹកច្រើនជាង 30 នាក់ទៅកាន់កប៉ាល់ទីតានិកចាប់តាំងពីទសវត្សរ៍ឆ្នាំ 1980” ។
មហាសេដ្ឋីរូបនេះគឺជាប្រធានក្រុមហ៊ុន Action Aviation ដែលជាក្រុមហ៊ុនប្រតិបត្តិការផ្នែកលក់ និងប្រតិបត្តិការអាកាសចរណ៍ដែលមានមូលដ្ឋាននៅទីក្រុងឌូបៃ ប្រទេសអារ៉ាប់រួម (UAE)៕ ដោយ៖ ធីរីណា
រូបថត៖ OceanGate