ក្លិបមាន់ខ្នាយមាស Tottenham បានយល់ព្រមតាមសំណើតម្លៃ២០លានអឺរ៉ូរបស់ក្លិបអ៊ីតាលី Empoli សម្រាប់អ្នកចាំទី Guglielmo Vicario។ នេះជាការចុះផ្សាយរបស់សារព័ត៌មាន 90min.com កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៣។
Spurs មានបំណងចង់ធ្វើកិច្ចព្រមព្រៀងមួយសម្រាប់កីឡាករ David Raya របស់ Brentford ប៉ុន្តែមានការស្ទាក់ស្ទើរក្នុងការចូលទៅជិតតម្លៃ៤០លានផោនរបស់ Bees ហើយចាប់តាំងពីពេលនោះមកបានបង្វែរការចាប់អារម្មណ៍របស់ពួកគេទៅកាន់កីឡាករអន្តរជាតិអ៊ីតាលី Vicario ។
ក្លិប Empoli បានស្នើសុំតម្លៃ២០លានអឺរ៉ូដើម្បីចែកផ្លូវជាមួយអ្នកចាំទីរបស់ពួកគេ ដែលបានចូលរួមជាមួយពួកគេជាអចិន្ត្រៃយ៍កាលពីរដូវក្តៅមុន និងរក្សាសំណាញ់ទី ឬ Clean Sheet ចំនួន៧ដងក្នុងការបង្ហាញខ្លួន៣១លើកក្នុងក្របខ័ណ្ឌ Serie A ហើយប្រភពបានបញ្ជាក់ថា Spurs រីករាយក្នុងការធ្វើកិច្ចព្រមព្រៀងក្នុងតម្លៃនោះ។
ភាគីអ៊ីតាលីជាច្រើនបានសម្លឹងមើល Vicario ដោយ Inter Milan ពីមុនត្រូវបានគេមើលឃើញថា ជាក្រុមដែលពេញចិត្តក្នុងការនាំយកកីឡាករវ័យ២៦ឆ្នាំមកជំនួសកន្លែង Andre Onana ដែលចង់បាន ប៉ុន្តែ Spurs បានផ្លាស់ប្តូរយ៉ាងឆាប់រហ័សដើម្បីព្យាយាមទប់ទល់នឹងការប្រកួតប្រជែង។
ការពិភាក្សាត្រូវបានធ្វើឡើងរួចហើយរវាង Spurs នឹង Vicario ដែលត្រូវបានគេយល់ថា ត្រៀមខ្លួនរួចជាស្រេចដើម្បីផ្ទេរទៅកាន់ប្រទេសអង់គ្លេសនៅរដូវក្តៅនេះ។ ពេលនេះ Vicario ត្រូវបានគេរំពឹងថា នឹងមកដល់ និងជំនួសកន្លែងរបស់ Hugo Lloris ដែលនៅសល់កុងត្រា១ឆ្នាំទៀត ប៉ុន្តែបានបញ្ជាក់ពីបំណងចង់ចាកចេញពី Spurs នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ។
ការពង្រឹងកីឡាករចាំទីគឺជាអាទិភាពកំពូលក្នុងរដូវក្តៅនេះសម្រាប់ Spurs ហើយពួកគេសង្ឃឹមថានឹងទាក់ទាញ Raya ទូទាំងទីក្រុងឡុង ប៉ុន្តែ Brentford បានបន្តឈរលើតម្លៃស្នើសុំរបស់ពួកគេចំនួន៤០លានផោន បើទោះបីជាកីឡាករសញ្ជាតិអេស្ប៉ាញរូបនេះនៅសល់កុងត្រាមួយឆ្នាំទៀតក៏ដោយ។
Raya ដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងក្លិប Chelsea និង Manchester United ថ្មីៗនេះបានសារភាពថា គាត់មានការព្រួយបារម្ភថាតម្លៃខ្ពស់របស់គាត់អាចរារាំងគាត់ពីការចាកចេញនៅរដូវក្តៅនេះ។
គួរបញ្ជាក់ថា ការស្វែងរកអ្នកចាំទីដែលមានតំលៃថោកនឹងផ្តល់លទ្ធភាពឱ្យ Spurs មានភាពបត់បែនបន្ថែមទៀតក្នុងការស្វែងរកគោលដៅផ្សេងទៀត។ ខ្សែបម្រើ James Maddison របស់ Leicester ស្ថិតក្នុងបញ្ជីចង់បាន ប៉ុន្តែត្រូវបានជាប់គាំងជាមួយនឹងតម្លៃស្នើសុំរហូតដល់៦០លានផោន ៕
ដោយ៖ ភារៈ(រូបភាព ៖ 90min.com)