ព័ត៌មានទាន់ហេតុការណ៍៖

អង្គការសហប្រជាជាតិដាក់ទាហានរុស្ស៊ីក្នុងបញ្ជីខ្មៅ

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា អង្គការសហប្រជាជាតិ (UN) បានកត់ឈ្មោះកងកម្លាំងយោធារបស់ប្រទេសរុស្ស៉ីចូលទៅក្នុងបញ្ជីខ្មៅអន្តរជាតិរបស់ខ្លួន សម្រាប់ការធ្វើឱ្យកុមារសរុបរាប់រយនាក់បាត់បង់ជីវិតនិងពិការក្នុងសង្រ្គាមនៅអ៊ុយក្រែនកាលពីឆ្នាំ២០២២។
ក្នុងរបាយការណ៍ប្រចាំឆ្នាំស្តីពីការប្រព្រឹត្តទង្វើទៅលើកុមារនៅតាមតំបន់ដែលមានសង្រ្គាម UN បានផ្ទៀងផ្ទាត់ឃើញថា កងកម្លាំងយោធារបស់រុស្ស៉ី ហើយនិងក្រុមប្រដាប់អាវុធដទៃទៀតដែលជាសម្ព័ន្ធមិត្តបានសម្លាប់កុមារចំនួន១៣៦នាក់ បង្កឱ្យពិការ៥១៨នាក់ ហើយបានធ្វើសកម្មភាពវាយប្រហារចំនួន៤៨០លើកទៅលើសាលារៀននិងមន្ទីរពេទ្យកាលពីឆ្នាំ២០២២។ មិនតែប៉ុណ្ណោះ កងកម្លាំងយោធា
រុស្ស៉ីក៏បានយកកុមារ៩១នាក់ធ្វើជាខែលការពារខ្លួនថែមទៀតផង។ របាយការណ៍ដដែលក៏បានផ្ទៀងផ្ទាត់ឃើញផងដែរថា កងកម្លាំងយោធារបស់អ៊ុយក្រែន បានសម្លាប់កុមារ៨០នាក់ បង្កឱ្យពិការ១៧៥នាក់ ហើយធ្វើសកម្ម
ភាពវាយប្រហារ២១២លើក លើសាលានិងមន្ទីរពេទ្យ ប៉ុន្តែយោធាអ៊ុយក្រែនមិនត្រូវបានកត់ឈ្មោះចូលបញ្ជីខ្មៅរបស់ UN ទេ។
នៅក្នុងរបាយការណ៍នោះ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតឺរេស (Antonio Guterres) បាននិយាយថា រូបលោកមានអារម្មណ៍តក់ស្លុតជាខ្លាំង ដោយសារចំនួនដ៏ខ្ពស់នៃកុមារដែលត្រូវបានសម្លាប់និងជួបពិការភាព ព្រមទាំងចំនួននៃការវាយប្រហារលើសាលារៀននិងមន្ទីរពេទ្យ ធ្វើឡើងដោយកងកម្លាំងប្រដាប់អាវុធរុស្ស៉ី ហើយទន្ទឹមគ្នាលោកក៏មិនស្រួលក្នុងចិត្តផងដែរ អំពីតួលេខខ្ពស់គួរសមមួយនៃបទល្មើសទាំងនេះ ដែលត្រូវបានប្រព្រឹត្តប្រឆាំងនឹងកុមារ ក្រោមស្នាដៃកងកម្លាំងយោធាអ៊ុយក្រែន។
របាយការណ៍ខាងលើ ត្រូវបានរៀបចំដោយលោកស្រី វើជីនា ហ្កាំបា (Virginia Gamba) ដែលជាអ្នកតំណាងពិសេសរបស់លោក Guterres ទទួលបន្ទុកកុមារនិងជម្លោះប្រដាប់អាវុធ។ កាលពីខែឧសភា លោកស្រី Gamba បានធ្វើទស្សនកិច្ចទៅកាន់អ៊ុយក្រែន
និងរុស្ស៉ី ជាទីដែលលោកស្រីបានជួបជាមួយបេសកជនទទួលបន្ទុកសិទ្ធិកុមាររបស់ទីក្រុងមូស្គូ គឺលោកស្រី ម៉ារៀ ឡូវ៉ាបេឡូវ៉ា (Maria Lvova-Belova) ដែលស្ថិតក្រោមដីកាចាប់ខ្លួនរបស់តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពាក់ព័ន្ធឧក្រិដ្ឋកម្មសង្រ្គាម ពោលគឺដូចគ្នាទៅនឹងប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន ដែរ៕

ដោយ៖ ធីរីណា(រូបថត៖ AFP)


ចែករំលែក៖