ខេត្តមណ្ឌលគិរី ៖ ភារកិច្ចចំពោះមុខ ៣ របស់សកម្មជនយុវជនបក្ស នៅក្នុងដំណើរការបោះឆ្នោតនាពេលខាងមុខនេះ។ ជាសម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល ថ្លែងក្នុងពិធីប្រកាសសមាសភាព និងសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តមណ្ឌលគិរី នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣ ម្សិលមុិញ។
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា ៖ ភារកិច្ចចំពោះមុខ ៣ របស់សកម្មជនយុវជនបក្ស នៅក្នុងដំណើរការបោះឆ្នោតនាពេលខាងមុខនេះ រួមមាន៖ ទី១. សកម្មជនគណបក្សយើងគ្រប់ៗរូប ត្រូវបង្ហាញឱ្យប្រជាពលរដ្ឋយល់ថា ការបោះឆ្នោត ជាកាតព្វកិច្ចដ៏សំខាន់បំផុតមួយនៃសង្គមប្រជាធិបតេយ្យ ដែលត្រូវបានចារឹកទុកក្នុងរដ្ឋធម្មនុញ្ញ; ទី២. ការទៅបោះឆ្នោត គឺជាឱកាសឱ្យប្រជាពលរដ្ឋអនុវត្តសិទ្ធនយោបាយ ដែលនឹងនាំមកនូវការប្រែប្រួលដ៏វិជ្ជមានសម្រាប់ខ្លួនឯង និងសម្រាប់អ្នកនៅជុំវិញខ្លួន; និងទី៣. ការទៅចូលរួមបោះឆ្នោត គឺជាការផ្តល់នូវកិត្តិយស, ការពេញចិត្ត និងការផ្តល់ទំនុកចិត្តចំពោះអ្នកដឹកនាំដែលខ្លួនពេញចិត្ត ។ ជារួម ប្រជាជនខ្មែរគ្រប់រូប និងគ្រប់និន្នាការនយោបាយ គឺបានទទួលផលពីសង្គមជាតិ ហើយអ្វីដែលអាចតបស្នងវិញបាន គឺការទៅចូលរួមបោះឆ្នោត ។
លោក បណ្ឌិត ហ៊ុន ម៉ាណែត បានបញ្ជាក់ថា : យើងគ្រប់ៗគ្នា សុទ្ធតែបានរស់រានមកដល់ថ្ងៃនេះ ដោយសារការលះបង់របស់ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលបានងើបតស៊ូរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ យើងមានជីវភាពល្អសមរម្យដល់សព្វថ្ងៃនេះ ក៏ដោយសារការគាំទ្រគ្រប់រូបភាពរបស់រាជរដ្ឋាភិបាល ដែលបានបំពាក់ឱ្យយើងនូវចំណេះដឹង, ចំណេះធ្វើ, ជំនាញ និងធនធាននានា បម្រើឱ្យការអភិវឌ្ឍខ្លួនទៅមុខ ។ យើងអាចមានជីវភាពប្រកបដោយសុភមង្គល និងសុខសាន្ត ក៏ដោយសារការដឹកនាំរបស់រាជរដ្ឋាភិបាល ក្នុងការយកឈ្នះជំងឺកូវីដ-១៩ ដែលបានការពារ សង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ និងអាចបើកដំណើរការប្រទេសឡើងវិញដោយធានានិរន្តភាពនៃសកម្មភាពសង្គម-សេដ្ឋកិច្ចបានយ៉ាងល្អប្រសើរ ។
លោក បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ ថា : ក្នុងរយៈកាល ៤៤ ឆ្នាំនេះ, គណបក្សប្រជាជនកម្ពុជា បានធ្វើច្រើនមកហើយ ដើម្បីប្រជាពលរដ្ឋ ។ ទន្ទឹមនឹងនេះ គណបក្សប្រជាជនកម្ពុជា ក៏ជាគណបក្សនៃអនាគតដែលមានគោលនយោបាយ និងចក្ខុវិស័យច្បាស់លាស់ រួមទាំងធនធានមនុស្សប្រកបដោយសមត្ថភាព ក្នុងការបន្តអភិវឌ្ឍប្រទេសជាតិឱ្យកាន់តែរីកចម្រើន នៅក្រោមបរិស្ថានគ្របដណ្តប់ដ៏ចាំបាច់ គឺសន្តិភាព និងស្ថិរភាព ។ ដូច្នេះ ក្នុងនាមសកម្មជនយុវជនបក្ស ដែលទទួលបានទំនុកចិត្តរបស់បក្សឱ្យចូលរួមអនុវត្តគោលនយោបាយដ៏ត្រឹមត្រូវរបស់បក្ស គឺត្រូវចងចាំថា យើងទទួលបានទាំងសិទ្ធិ និងការទទួលខុសត្រូវ ហើយត្រូវប្រតិបត្តិការងារលើមូលដ្ឋាននៃគោលការណ៍ “សមូហភាពដឹកនាំ បុគ្គលទទួលខុសត្រូវ” សំដៅធ្វើយ៉ាងណាសម្រេចទិសដៅគោលនយោបាយរបស់បក្ស និងលទ្ធផលល្អប្រសើរបំផុតជូនប្រជាពលរដ្ឋ ៕
ដោយ ៖ សិលា