ព័ត៌មានទាន់ហេតុការណ៍៖

ជាងជួសជុលរថយន្តម្នាក់​សង្ស័យ​ញៀន​ថ្នាំ​ហួស​កម្រិត​ ដុតម៉ូតូឱ្យឆេះរួចលោតចូលក្នុងភ្លើងសម្លាប់ខ្លួនឯង

ចែករំលែក៖

ខេត្ត​ព្រះវិហារ ​៖​ លោកវរសេនីយ៍ទោ យៀង ប៊ុនយ៉េ អធិការរងនគរបាលស្រុករវៀង​ នៅថ្ងៃទី២៤ ខែមិថុនា​ ឆ្នាំ២០២៣នេះ​ បានបញ្ជាក់ថា៖​ បុរសម្នាក់​ដែលជាជាងជួសជុលរថយន្តបានធ្វើសកម្មភាពដុតម៉ូតូខ្លួនឯងឱ្យឆេះសន្ធោសន្ធៅ រួចលោតចូលក្នុងភ្លើងសម្លាប់ខ្លួនឯង សង្ស័យប្រើគ្រឿងញៀនហួសកម្រិត​។ 

    លោកអធិការ​រងស្រុក​រវៀង​បានឱ្យដឹងទៀតថា​ ករណី​ដុតសម្លាប់​ខ្លួន​ឯង​នេះ​ បង្កការភ្ញាក់ផ្អើលនៅតាមផ្លូវលេខ៦២ ត្រង់ថ្នល់កោងស្ថិតក្នុងភូមិដីក្រហម ឃុំរំដោះស្រុករវៀង ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី២៣ ខែមិថុនាម្សិលមិញ​។

    លោកអធិការ​រងរូបនេះ​បន្តថា​ មុនកើតហេតុគេឃើញបុរសម្នាក់បានជិះម៉ូតូម៉ាកហុងដាឌ្រីមពាក់ផ្លាកលេខសៀមរាប1W-3736 ពីជើងទៅត្បូងទំនងមកពីសៀមរាបឆ្ពោះទៅខេត្តព្រះវិហារ​ លុះជិះមកដល់កន្លែងកេីតហេតុ​ ម៉ូតូក៏បានរលត់​ ស្រាប់​តែ​បុរសនោះបើកគម្របធុងសាំងរួចក៏យកដែកកេះដុតម៉ូតូឱ្យឆេះយ៉ាងសន្ធោសន្ធៅ​ ហើយក៏លោតចូលទៅក្នុងភ្នក់ភ្លើងបណ្តាលឱ្យឆេះប្រកាច់ស្លាប់មុនពេលសមត្ថកិច្ចចុះជួយអន្តរាគមន៍ផងដែរ។ 

    ​បុរស​ដែលធ្វើ​អត្តឃាតសម្លាប់ខ្លួនឯងនោះមានឈ្មោះ អាន ពន្លឺ អាយុ៣១ឆ្នាំ មុខរបរជាងជួសជុលរថយន្ត​ នៅភូមិប៉ាដាក ឃុំប៉ាដាក ខេត្តសៀមរាប។ ក្រោយកើតហេតុកម្លាំងនគរបាលស្រុក​ និងនគរបាលប៉ុស្តិ៍រដ្ឋបាលបានចុះពិនិត្យដោយសន្និដ្ឋានថា បុរស​រូបនេះពិតជាធ្វើអត្តឃាតដុតសម្លាប់ខ្លួនឯងប្រាកដមែន។

    គួរបញ្ជាក់ដែរថា​ បើតាមការបញ្ជាក់ពីក្រុមគ្រួសារសាច់ញាតិសព​បានរៀបរាប់​ប្រាប់សមត្ថកិច្ចថា៖ កន្លងមកបុរសខាងលើធ្លាប់ប្រើប្រាស់គ្រឿងញៀន​ ហើយតែងដើរនិយាយរវើរវាយពីនេះពីនោះមិនដឹងខុសត្រូវឡើយ។ ក្រោយធ្វើកោសល្យវិច័យសមត្ថកិច្ចបានប្រគល់សាកសពឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ​៖ សហការី​


ចែករំលែក៖