ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរ ពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី ៩២នាក់ ក្នុងនោះមកពីគណបក្សភ្លើងទៀន ចំនួន២០នាក់នៅឃុំអំពិលស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង៖ គណបក្សប្រជាជនកម្ពុជា ឃុំអំពិលស្រុករមាសហែក  បានរៀបចំពិធីប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មី សរុបចំនួន៩២នាក់ ក្នុងនោះមកពីគណបក្សភ្លើងទៀន ចំនួន២០នាក់ ក្រោមការ អធិបតី លោកហុឹម វិបុលឬទ្ធិ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំអំពិល លោកស៊ូ ម៉ុល ប្រធានគណបក្សប្រជាជនស្រុករមាសហែក នារសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣នៅស្នាក់ការគណបក្សប្រជាជនឃុំអំពិលស្រុករមាសហែក។

ក្នុងឱកាសនោះលោក ស៊ូ ម៉ុល ប្រធានគណបក្សប្រជាជនស្រុករមាសហែក បានពាំនាំមកនូវសេចក្តីនឹករលឹក និងសាកសួរសុខទុក្ខនឹករលឹកពីសំណាក់សម្តេចតេជោ ហ៊ុនសែន  នាយករដ្ឋមន្រ្តី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ក៏ដូចជាសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀងក៏ដូចជាលោកសៅ សុខា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុករមាសហែក និងថ្នាក់ដឹកនាំខេត្តស្វាយរៀង ជូនដល់សមាជិក សមាជិកាគណបក្សដែលបញ្ចូលថ្មី ទាំងអស់នាពេលនេះ។

លោក បានលើកឡើងថា លក្ខណៈសម្បត្តិក្នុងការចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា គឺត្រូវមានគុណធម៌ និងទំនាក់ទំនងល្អជាមួយប្រជាជន ត្រូវថែរក្សាសាមគ្គីឯកភាពផ្ទៃក្នុង ជួយផ្តល់មតិគ្នាទៅវិញទៅមក ដើម្បីការរីកចម្រើន ក្រៅពីនេះត្រូវខិតខំរៀនសូត្រលើកកម្ពស់សមត្ថភាព និងគុណធម៌ ដើម្បីសម្រេចភារកិច្ចជូនជាតិមាតុភូមិ។

ដោយ សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា ត្រូវតែជាមនុស្សដែលស្អាតស្អំ មានការបណ្តុះបណ្តាល អភិវឌ្ឍន៍ខ្លួនឯង សម្រាប់ជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។

លោក ហុឹម វិបុលឫទ្ធិ ប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានឃុំអំពិល ស្រុករមាសហែក សូមស្វាគមន៍ និងអបអរសាទរ ចំពោះការសម្រេចចិត្តរបស់បងប្អូន ដែលចូលរួមរស់ ជាមួយមហាគ្រួសារគណបក្សប្រជាជនកម្ពុជាក្នុងឃុំអំពិល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នេះគឹជាការសម្រេចចិត្ត ដ៏ត្រឹមត្រូវបំផុត ការជឿទុកចិត្ត មានក្តីសង្ឃឹម និងផ្តល់ទំនុកចិត្តលើគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សធំជាងគេ និងកំពុងដឹកនាំរាជរដ្ឋាភិបាលកម្ពុជា។

លោកបន្ថែមថា  មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ បានរំដោះប្រទេស និងប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ កសាងជាតិមាតុភូមិ បង្កើនការងារ និងប្រាក់ចំណូលយ៉ាងច្រើន ជូនដល់បងប្អូនប្រជាពលរដ្ឋ សម្រាប់ជីវភាពរស់នៅ ប្រចាំថ្ងៃ។

លោក បានណែនាំសមាជិកបក្ស ត្រូវពិនិត្យបញ្ជីបោះឆ្នោត ដើម្បីឲ្យដឹងថាខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត និងពិនិត្យអត្តសញ្ញាបណ្ណសញ្ជាតិខ្មែររបស់ខ្លួន ដើម្បីឲ្យដឹងច្បាស់ថា នៅសុពលភាព អាចប្រើប្រាស់បាន ប្រសិនបើផុតសុពលភាព សូមទៅធ្វើថ្មីនៅប៉ុស្តិ៍នគរបាលដែលនៅជិតផ្ទះរបស់ខ្លួន។

លោកហុឹម វិបុលឫទ្ធិ ក៏បានជំរុញឲ្យសមាជិក-សមាជិកាទាំងអស់ បន្តជួយផ្សព្វផ្សាយ អំពីសមិទ្ធផលនានារបស់ គណបក្សប្រជាជនកម្ពុជា និងណែនាំឱ្យក្រុមគ្រួសារ សាច់ញាតិ ទាំងអស់ ទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ឆ្នាំ២០២៣ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី១៨ ដោយមាននិមិត្តសញ្ញារូបទេវតាបាចផ្កា ជាសំគាល់ផងដែរ៕

ដោយ៖ សុថាន


ចែករំលែក៖