ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចបំផ្លាញរបាំងស្បៃមុង២៨ខ្សែ និងសង្រ្គោះត្រី៧៥គីឡូ នៅស្រុកក្រគរ

ចែករំលែក៖

 ខេត្តពោធិ៍សាត់ ៖ មន្ត្រីខណ្ឌរដ្ឋបាលជលផល ផ្នែកក្រគរ សង្កាត់កំពង់លួង សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពស្រុកក្រគរ កម្លាំងសរុបប្រមាណចំនួន១៣នាក់ មធ្យោបាយដោយកាណូត០៣គ្រឿង ចុះអធិការកិច្ចចាប់ពីឃុំកំពង់លួង រហូតព្រំប្រទល់ស្រុកក្រគរ និងស្រុកកណ្ដៀង នៃខេត្តពោធិ៍សាត់ ។

 ករណីសមត្ថកិច្ចសហការចុះអធិការកិច្ចបទល្មើសខុសច្បាប់ស្ដីពីជលផលនេះ ធ្វើឡើងនាថ្ងៃសៅរ៍ ៧កើត ខែបឋមាសាឍ ឆ្នាំថោះ បព្ចាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ ។

 លោក ភុន សុវណ្ណ នាយផ្នែករដ្ឋបាលជលផលក្រគរ បានឲ្យដឹងថា លទ្ធផលៈ បំផ្លិចបំផ្លាញវត្ថុតាង របាំងស្បៃមុងចំនួន២៨ខ្សែ ស្មើប្រវែងចំនួន៣៣៦០ម៉ែត្រ លូកងស្បៃមុងចំនួន៤០មាត់ ក្បាលបរចំនួន០៧គ្រឿង បង្គោលចំរឹងចំនួន៩៥០ដើម ក្នុងនោះចាក់លែងត្រីចំរុះ ចូលទឹកបឹងធម្មជាតិ(ទន្លេសាប)វិញទម្ងន់ចំនួន៧៥គីឡូក្រាមផងដែរ ៕

ដោយ៖ ប៉ឹម ពិន


ចែករំលែក៖