សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី២៤ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា ប្រធានាធិបតីរុស្ស៉ីនៅថ្ងៃសៅរ៍នេះបានចេញមុខថ្លែងសារជាបន្ទាន់មួយទៅកាន់ប្រជាជាតិ ស្របពេលដែលលោក Yevgeny Prigozhin មេកងកម្លាំងទាហានស៉ីឈ្នួល Wagner របស់ប្រទេស រុស្ស៉ីបាននិងកំពុងធ្វើសកម្មភាព ដែលទីក្រុងមូស្គូហៅថាជា «ការបះបោរប្រដាប់អាវុធ»។
ដោយសំដៅទៅលើទង្វើបះបោររបស់លោក ព្រីហ្គោហ្ស៉ីន លោក ពូទីន បាននិយាយដូច្នេះថា «នេះគឺប្រៀបដូចជាការយកកាំបិតចាក់ពីក្រោយខ្នងមកលើប្រទេស មកលើប្រជាជាតិរបស់យើង។ អ្វីដែលពួកយើងកំពុងតែប្រឈមនាពេលនេះ គឺច្បាស់ណាស់ជាទង្វើក្បត់នឹងប្រទេសជាតិរបស់ខ្លួនឯង ដែលកើតចេញមកពីមហិច្ឆតាលោភលន់ និងផលប្រយោជន៍ផ្ទាល់ខ្លួន។ អ្នកទាំងឡាយណាដែលជ្រើសរើសដើរលើផ្លូវក្បត់ជាតិដោយចេតនា, ដែលបានត្រៀមលើកអាវុធបះបោរ ហើយដែលបានប្រើវិធីសាស្រ្តគំរាមកំហែងនិងភេរវកម្ម នឹងត្រូវទទួលរងការដាក់ទោសដោយចៀសមិនផុតនៅចំពោះមុខច្បាប់ក៏ដូចជាចំពោះមុខប្រជាជនរបស់យើង»។
បន្ថែមពីនេះ លោកប្រធានាធិបតីរុស្ស៉ីបានអំពាវនាវឱ្យមានសាមគ្គីភាព ហើយប្តេជ្ញាមិនឱ្យមានសង្រ្គាមស៉ីវិលផ្ទុះឡើងនៅក្នុងប្រទេសរុស្ស៉ីជាដាច់ខាត។
លោក ពូទីន ក៏បានបន្តផងដែរថា រូបលោកនឹងធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីការពារប្រទេស ហើយការសម្រេចចិត្តច្បាស់លាស់ម៉ឺងម៉ាត់នឹងត្រូវធ្វើឡើងដើម្បីផ្តល់ស្ថិរភាពឡើងវិញ ចំពោះស្ថានការណ៍នៅឯទីក្រុងរ៉ូស្តូវ (Rostov) ជាទីក្រុងមួយនៅភាគខាងត្បូងប្រទេសរុស្ស៉ី ដែលលោក ព្រីហ្គោហ្ស៉ីនបានអះអាងថា កងកម្លាំង Wagner បានចូលគ្រប់គ្រងមូលដ្ឋានយោធាទាំងអស់ហើយនៅទីនោះ។
ភាពតានតឹងរវាងថៅកែក្រុមទាហានស៉ីឈ្នួល Wagner ហើយនិងក្រសួងការពារជាតិរុស្ស៉ី បានឈានដល់ចំណុចដ៏ក្តៅគគុកមួយនាចុងសប្តាហ៍នេះ នៅពេលដែលលោក ព្រីហ្គោហ្ស៉ីន បានចោទប្រកាន់ធ្ងន់ៗទៅលើក្រសួងការពារជាតិរុស្ស៉ី រួមមានទាំងថា ថ្នាក់ដឹកនាំរបស់យោធារុស្ស៉ីបានបំផ្លិចបំផ្លាញកងកម្លាំងរបស់លោកដោយចេតនា ក្នុងសង្រ្គាមនៅអ៊ុយក្រែន។ ក្រោយមកទៀត លោកក៏បានប្រកាសដឹកនាំកងកម្លាំង Wagner ចំនួនខ្ទង់២៥,០០០នាក់ ឆ្លងពីអ៊ុយក្រែនចូលទៅក្នុងប្រទេសរុស្ស៉ី នៅចំណុចទីក្រុង Rostov ក្រោមគោលបំណង ដែលបើយោងតាមការអះអាងរបស់លោក គឺដើម្បីផ្តួលរំលំថ្នាក់ដឹកនាំរបស់យោធារុស្ស៉ីនៅឯទីក្រុងមូស្គូ។ យ៉ាងណាមិញ លោកបាននិយាយថា សកម្មភាពនេះមិនមែនជារដ្ឋប្រហារទេ។
ក្រោយការកើនឡើងកម្តៅនៃភាពតានតឹងដែលកើតឡើងខណៈដែលសង្រ្គាមនៅអ៊ុយក្រែនកំពុងតែបន្ត អាជ្ញាធររុស្ស៉ីបានរឹតបន្តឹងវិធានការសន្តិសុខ នៅតាមតំបន់មួយចំនួន ជាពិសេសនៅរដ្ឋធានីមូស្គូនិងតំបន់ជុំវិញនោះ។
ទោះជាបែបនេះក្តី វាមិនទាន់ច្បាស់ទេថា តើលោកពូទីន នឹងដោះស្រាយវិបត្តិនេះដោយរបៀបណា ពោលគឺដោយការនិយាយចរចា ឬដោយប្រើកម្លាំងបាយ៕
ដោយ៖ ធីរីណា(រូបថត៖ internet)