ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ បានលើកឡើងពីបំណងរបស់សម្ដេចក្នុងការធ្វើឱ្យរោងចក្រទាំងអស់ជាកន្លែងដែលមានសុវត្ថិភាពនិងភាពសុខសាន្ត

ចែករំលែក៖

ខេត្តស្វាយរៀង៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងពីបំណងរបស់សម្ដេចក្នុងការធ្វើឲ្យរោងចក្រទាំងអស់ជាកន្លែងដែលមានសុវត្ថិភាពនិងភាពសុខសាន្ត។

សម្ដេចតេជោ ហ៊ុន សែន បានជំរុញទៅដល់ថៅកែនិងកម្មករធ្វើយ៉ាងណាបញ្ចៀសហិង្សា ចែកចាយគ្រឿងញៀន ឬអំពើអបាយមុខផ្សេងទៀត ដែលនេះក៏ស្ថិតក្នុងគោលនយោបាយភូមិឃុំមានសុវត្ថិភាពដែលធានាដល់ប្រជាពលរដ្ឋមុនគេ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា៖ «ខិតខំធ្វើយ៉ាងម៉េចឱ្យម្ចាស់រោងចក្រនិងកម្មករត្រូវបំពេញឲ្យគ្នា។ ធ្វើរួមគ្នាចាត់ទុកវាជាឆ្នាំងបាយរួមទាំងអស់គ្នា»។

សម្ដេចតេជោបានថ្លែងបែបនេះក្នុងពេលជួបជាមួយនឹងកម្មករជាង ២ម៉ឺននាក់នៅតំបន់សេដ្ឋកិច្ចពិសេសខេត្តស្វាយរៀងព្រឹកថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៣។ 

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា : ម្ចាស់គម្រោងតំបន់សេដ្ឋកិច្ច Manhattan នៅក្រុងបាវិត ខេត្តស្វាយរៀង ចង់កែប្រែតំបន់នេះទៅជាតំបន់ឧស្សាហកម្មបៃតង និងកសាងផ្ទះតម្លៃថោកលក់ជូនពលរដ្ឋ។

ម្ចាស់គម្រោងតំបន់សេដ្ឋកិច្ច Manhattan បានបញ្ជាក់ប្រាប់សម្ដេចតេជោថា ទៅថ្ងៃខាងមុខលោកនឹងកែប្រែតំបន់សេដ្ឋកិច្ច Manhattan ទៅជាតំបន់ឧស្សាហកម្មបៃតង ខណៈនិងមានការសាងសង់ផ្ទះតម្លៃថោកលក់ជូនពលរដ្ឋដែលក្នុងឆ្នាំដំបូងនិងផ្ដើមចេញពី ៤០០ខ្នង និងឆ្នាំបន្ទាប់ ១ ០០០ខ្នងក្នុងមួយឆ្នាំ ៕

ដោយ ៖ សិលា


ចែករំលែក៖