សារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា ព្រះរាជក្រឹត្យមួយដែលចុះផ្សាយក្នុងព្រឹត្តិប័ត្ររបស់រាជវាំងថៃ Royal Gazette បានឱ្យដឹងថា សមាជិករដ្ឋសភាថៃទាំងអស់ដែលទើបជាប់ឆ្នោតថ្មីៗនេះនឹងត្រូវចូលរួមជាលើកដំបូងក្នុងសម័យប្រជុំសភា នៅថ្ងៃទី៣ ខែកក្កដាខាងមុខ។
ព្រះរាជក្រឹត្យខាងលើដដែល ចុះផ្សាយក្នុងព្រឹត្តិប័ត្ររបស់រាជវាំងថៃ Royal Gazette ក៏បានកំណត់ផងដែរពីការចាប់ផ្ដើមដំណើរការបង្កើតរដ្ឋាភិបាលថ្មីមួយ បន្ទាប់ពី ការបោះឆ្នោតសកលកាលពីខែឧសភាកន្លងទៅ ហើយការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មីនឹងធ្វើឡើងនៅក្នុងខែកក្កដា។ គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ កាលពីថ្ងៃចន្ទដើមសប្ដាហ៍កន្លងទៅនេះ បានទទួលស្គាល់សមាជិករដ្ឋសភាជាប់ឆ្នោតទាំង៥០០រូបដែលនឹងត្រូវកោះប្រជុំនាដើមខែកក្កដាខាងមុខ ដើម្បីជ្រើសរើសប្រធានរដ្ឋសភាម្នាក់ និងអនុប្រធាន២នាក់។ ក្រោយមកទៀត ប្រធានរដ្ឋសភានឹងស្នើឱ្យកោះប្រជុំសម័យរួមរវាងរដ្ឋសភានឹងព្រឹទ្ធសភា ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។
គណបក្ស Move Forward ដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោតកាលពីខែឧសភាបានជ្រើសរើសលោក Pita Limjaroenrat ជាបេក្ខជននាយករដ្ឋមន្ត្រីរបស់ខ្លួន។ ដើម្បីអាចក្លាយជានាយករដ្ឋមន្ត្រី លោក Pita ត្រូវប្រមូលសំឡេងគាំទ្រឱ្យបានយ៉ាងហោច៣៧៦សំឡេង ក្នុងចំណោមសមាជិករដ្ឋសភានិងព្រឹទ្ធសភាទាំង៧៥០រូប។ ប៉ុន្តែគេមិនទាន់ដឹងនោះទេថា តើសមាជិកព្រឹទ្ធសភាទាំង ២៥០រូបដែលសុទ្ធសឹងតែជាមនុស្សរបស់យោធាថៃនឹងបោះឆ្នោតគាំទ្រ លោក Pita ដែរឬក៏យ៉ាងណានោះទេ៕
ដោយ៖ ធីរីណា(រូបថត៖ EPA-EFE)