សារព័ត៌មាន AFP នៅថ្ងៃអាទិត្យ ទី២៥ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា នាវាផ្ទុកយន្ដហោះចម្បាំងមួយគ្រឿងរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរទៅដល់ទីក្រុងដាណាង (Danang) ស្ថិតនៅភាគកណ្ដាលនៃប្រទេសវៀតណាមហើយ នៅថ្ងៃអាទិត្យនេះ ប៉ុន្មានសប្ដាហ៍បន្ទាប់ពីទីក្រុងហាណូយ បានប្រឆាំងជំទាស់ទៅនឹងវត្តមាននាវាចិនក្នុងតំបន់កំពុងមានវិវាទនៅសមុទ្រចិនខាងត្បូង។
ការធ្វើដំណើររបស់នាវាផ្ទុកយន្ដហោះចម្បាំង USS Ronald Reagan មកដល់កំពង់ផែក្នុងទីក្រុងដាណាងកើតមានឡើងចំពេលសហរដ្ឋអាមេរិកនិងវៀតណាម ប្រារព្ធខួបលើកទី១០នៃការបង្កើតទំនាក់ទំនងគ្រប់ជ្រុងជ្រោយដែលអនុញ្ញាតឱ្យប្រទេសទាំង២បង្កើនទំនាក់ទំនងកាន់តែជិតស្និទ្ធនឹងគ្នាលើវិស័យពាណិជ្ជកម្ម ព្រមទាំងចែករំលែកក្ដីកង្វល់រួមពាក់ព័ន្ធនឹងការកើនឡើងឥទ្ធិពលចិនក្នុងតំបន់។
ក្រសួងការបរទេសវៀតណាម កាលពីពេលថ្មីៗនេះ បានអំពាវនាវឱ្យនាវាស្រាវជ្រាវ រួមទាំងនាវាឆ្មាំល្បាតនិងទូកនេសាទរបស់ចិនចាកចេញ ក្រោយនាវាទាំងនេះបានស្ថិតនៅក្នុងតំបន់ដែនទឹកដែលទីក្រុងហាណូយអះអាងថាជាតំបន់សេដ្ឋកិច្ចផ្ដាច់មុខរបស់ខ្លួនក្នុងតំបន់សមុទ្រចិនខាងត្បូង ហើយរហូតដល់ដើមខែមិថុនាកន្លងទៅនេះ ទើបនាវាចិនបានចាកចេញ។
គួរបញ្ជាក់ថា ចិននិងបណ្ដាប្រទេសជាសមាជិកអាស៊ានមួយចំនួនដូចជា វៀតណាម ហ្វីលីពីន និងម៉ាឡេស៊ីជាដើមបាន និងកំពុងទាមទារអធិបតេយ្យរៀងៗខ្លួនលើដែនទឹកកំពុងមានវិវាទក្នុងតំបន់សមុទ្រចិនខាងត្បូង។ បើតាមក្រុមអ្នកជំនាញ ការធ្វើដំណើររបស់នាវាផ្ទុកយន្ដហោះ ចម្បាំង USS Ronald Reagan មកដល់កំពង់ផែក្នុងទីក្រុងដាណាង គឺជាសារមួយដែលវៀតណាមចង់ផ្ញើទៅចិនថាខ្លួនកំពុងបន្តស្វែងរកតុល្យភាព ទប់ទល់ជាមួយចិន តាមរយៈការធ្វើឱ្យទំនាក់ទំនងជាមួយសហរដ្ឋអាមេរិកកាន់តែប្រសើរឡើង»៕ ដោយ៖ ធីរីណា

រូបថត៖ laodong
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច