ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងមួយមេធំនៅភ្នំពេញ ខ្យល់ បោកបក់ ដួលរលំដើមឈើសង្កត់លើម៉ូតូ ១គ្រឿង រងរបួសមនុស្សម្នាក់ !

ចែករំលែក៖

ភ្នំពេញ ៖ រដូវធ្លាក់ភ្លៀង និងខ្យល់បក់កន្ត្រាក់ខ្លាំង ធ្វើឲ្យដើមឈើមួយដើមបាក់ សង្កត់ម៉ូតូមួយគ្រឿង រងរបួសមនុស្សម្នាក់ កាលពីវេលាម៉ោង ៥ល្ងាច ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៣ ចំណុចសួនច្បារហាត់ប្រាណ តាមផ្លូវលេខ១៦៩​ ជិតQK CLUB ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

 បន្ទាប់ពីទទួលដំណឹងភ្លាម លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានដឹកនាំបញ្ជាកម្លាំងសណ្តាប់ធ្នាប់ខណ្ឌ ចុះកាត់ដើមឈើដែលបាក់ចេញ និង ជួយសម្រួលចរាចរណ៍ ដើម្បីកុំឲ្យកក់ស្ទះ និង បានបញ្ជូនជនរងគ្រោះដែលរងរបួសទៅមន្ទីរពេទ្យផងដែរ ។

 សូមបញ្ជាក់ថា : បងប្អូនត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ដោយសាររដូវភ្លៀងធ្លាក់ អាចនឹងមានខ្យល់កន្ត្រាក់ ផ្គររន្ទះ កើតឡើងដោយយថាហេតុ។ 

 កន្លងមកក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង ស្តីពី ស្ថានភាពធាតុអាកាស  ដោយបញ្ជាក់ថា : 

     ( ចាប់ពីថ្ងៃទី ២១ – ២៧ ខែមិថុនា ឆ្នាំ២០២៣ ) 

       ក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពលពីជ្រលងនៃតំបន់សម្ពាធទាបនៅលើប្រទេសចិន និងខ្យល់មូសុងនិរតីក្នុងកម្រិតមធ្យម ។ 

 

     លក្ខណៈបែបនេះនឹងធ្វើឲ្យ ៖ 

 

១-តំបន់ទំនាបកណ្តាល ៖ 

   – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C 

   – សីតុណ្ហភាពអតិបរមា មានពី ៣៤-៣៦ °C 

   – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។ 

២-តំបន់ខ្ពង់រាប ៖ 

   – សីតុណ្ហភាពអប្បបរមា មានពី ២៤-២៦ °C 

   – សីតុណ្ហភាពអតិបរមា មានពី ៣៣-៣៥ °C 

   – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីតិចទៅបង្គួរ លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្រ្តាក់ ។ 

៣-តំបន់មាត់សមុទ្រ ៖ 

   – សីតុណ្ហភាពអប្បបរមា មានពី ២៥-២៧ °C 

   – សីតុណ្ហភាពអតិបរមា មានពី ៣១-៣៣ °C                              

   – អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ។     

      អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនទទួលជ្រាបជាព័ត៍មាន និងបង្កើនការប្រុងប្រយ័ត្នចំពោះបាតុភូតធម្មជាតិដែលអាចកើតមានឡើងជាយថាហេតុ 

ដោយ ៖ សិលា


ចែករំលែក៖