សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី២៦ ខែមិថុនា ឆ្នាំ២០២៣បានផ្សាយថា ក្រសួងការពារជាតិអង់គ្លេសនៅថ្ងៃចន្ទនេះបានឱ្យដឹងថា ក្នុងរយៈពេលមួយឆ្នាំចុងក្រោយនេះ មានប្រជាជនអ៊ុយក្រែនដែលចូលបម្រើទ័ពជាង ១៧,០០០នាក់ហើយដែលបានទទួលការបណ្តុះបណ្តាលពីចក្រភពអង់គ្លេស និងសម្ព័ន្ធមិត្តផ្សេងទៀតដើម្បីជួយទីក្រុងកៀវប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី។
កន្លងមក ចក្រភពអង់គ្លេសនិងប្រទេសជាដៃគូចំនួន៩ ដូចជាកាណាដា អូស្ត្រាលី នូវែលសេឡង់ ន័រវែស ហ្វាំងឡង់ ស៊ុយអែត ដាណឺម៉ាក លីទុយអានី និងហុល្លង់ បានរៀបចំគំនិតផ្តួចផ្តើមរើសអ្នកស្ម័គ្រចិត្តឱ្យមកចូលរួមក្នុងកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន។ ដោយឆ្លងកាត់កម្មវិធីហ្វឹកហ្វឺនយ៉ាងខ្លាំងក្លារយៈពេល ៥សប្តាហ៍ ក្រសួងការពារជាតិអង់គ្លេសថាបានផ្លាស់ប្តូរពួកគេពីជនស៊ីវិលធម្មតាឱ្យក្លាយទៅជាទាហាន។ រដ្ឋមន្ត្រីការពារជាតិអង់គ្លេស លោក ប៊ែន វ៉ាឡេស (Ben Wallace) បានគូសបញ្ជាក់ថា «ចក្រភពអង់គ្លេស រួមទាំងដៃគូអន្តរជាតិរបស់យើងនឹងបន្តជួយអ៊ុយក្រែនការពារប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៉ី ដរាបណាពួកគេនៅតែត្រូវការ»។
ដំបូងឡើយ ចក្រភពអង់គ្លេសបានផ្តល់ការបណ្តុះបណ្តាលនូវជំនាញប្រយុទ្ធក្នុងសមរភូមិដល់ទាហានអ៊ុយក្រែនរហូតដល់ ១០,០០០នាក់ ដោយផ្អែកលើការបណ្តុះបណ្តាលពីនាយទាហានសកម្មរបស់ខ្លួន។ ឥឡូវ កម្មវិធីនេះត្រូវបានពង្រីកនិងកំពុងស្ថិតក្នុងដំណើរការជ្រើសរើសអ្នកស្ម័គ្រចិត្តចំនួន ៣០,០០០នាក់ បន្ថែមទៀត មកបណ្តុះបណ្តាលនៅឆ្នាំ២០២៤៕ ដោយ៖ ធីរីណា
រូបថត៖ AFP