ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ កាលពីយប់ម្សិលមិញថា : ក្នុងនាមរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំ និង ភរិយា សូមអបអរសាទរ ជូនពរជ័យ សិរីសួស្ដី សុភមង្គល បវរមហាប្រសើរ ជូនដល់បងប្អូនសាសនិកខ្មែរឥស្លាមកម្ពុជា ក្នុង និងក្រៅប្រទេស រួមទាំងបងប្អូនសាសនិកឥស្លាមនៅទូទាំងសាកលលោកផងដែរ ដែលប្រារព្ធពិធីបុណ្យ “រ៉យ៉ាហាជ្ជី” នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែហ្សុលហិជ្ជះ ឆ្នាំ១៤៤៤ មូហាំម៉ាត់សករាជ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ១២កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ។
សម្តេចតេជោ ហ៊ុនសែន បានថ្លែងថា : ខ្ញុំសូមផ្ញើនូវក្តីនឹករលឹក និង អរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនខ្មែរឥស្លាមកម្ពុជា ដែលបានចូលរួមថែរក្សាសុខសន្តិភាព រួមគ្នាជាមួយនឹងប្រជាជនកម្ពុជា ដែលប្រកាន់យកសាសនាផ្សេងៗ ហើយមានជំនឿជឿជាក់ និងគាំទ្រលើការដឹកនាំរបស់ខ្ញុំ និងគណបក្សប្រជាជនកម្ពុជា តាំងពីដើមតរៀងមក ជាពិសេសបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការការពារទប់ស្កាត់ការឆ្លងរីករាលដាលជំងឺរាតត្បាតកូវីដ-១៩ដោយជោគជ័យ ដោយគោរពអនុវត្តបានយ៉ាងខ្ជាប់ខ្ជួនទៅតាមច្បាប់ សេចក្តីសម្រេចសារាចរណែនាំ និងវិធានការនានារបស់រាជរដ្ឋាភិបាល ព្រមទាំងបងប្អូនខ្មែរឥស្លាមបានអនុវត្តតាមការណែនាំរបស់ ចាងហ្វាងនៃគណៈដឹកនាំជាន់ខ្ពស់នៃសាសនាឥស្លាមកម្ពុជាផងដែរ ដែលយើងទទួលបានជោគជ័យដ៏ធំធេង សំរាប់ជាតិយើង ។
សម្តេចតេជោ សូមបងប្អូនខ្មែរឥស្លាម បន្តចូលរួមថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍសង្គមជាតិ ដោយត្រូវរក្សានូវសុខដុនីយកម្មជាតិសាសន៍ និងសាសនា និងសូមអញ្ជេីញទៅបោះឆ្នោតជ្រេីសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឱ្យបានគ្រប់ៗគ្នា នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ៕
ដោយ ៖ សិលា