ព័ត៌មានទាន់ហេតុការណ៍៖

អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតនៅលើទឹកដីខេត្តកំពតក្នុងសម័យសង្រ្គាមត្រូវបានធ្វើមាតុភូមិនិវត្តន៍

ចែករំលែក៖

ខេត្តកំពត៖ រសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣ម្សិលមុិញ នៅសាលាខេត្តកំពតបានរៀបចំប្រារព្ធពិធីធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលបានពលីជីវិតនៅសម័យសង្គ្រាមនៅកម្ពុជាក្រោមអធិបតីភាព ឧត្ដមសេនីយ៍ត្រី ហុក ចន្តា តំណាងគណៈកម្មាធិការខេត្តកំពត និងលោកវរសេនីយ៍ឯក ឡេ ហ្វាងវ៉ូ ប្រធាននយោបាយយោធាខេត្តគៀន យ៉ាង (វៀតណាម ) ហើយត្រូវបានជីកគាស់រកបានក្នុងដំណាក់កាលទី  ២៣ នារដូវប្រាំងឆ្នាំ២០២២ ២០២៣ នៅលើភូមិសាស្រ្តខេត្តកំពតទៅកាន់ប្រទេសកំណើតវិញ។

លោកវរសេនីយ៍ឯក ឡេ ហ្វាងវ៉ូ ស្នងការនយោបាយយោធាខេត្តគៀនយ៉ាង និងអនុប្រធានក្រុមបច្ចេកទេសជីករុករកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមK92 ខេត្តគៀនយ៉ាង យោធភូមិភាគទី៩ នៃកងទ័ពប្រជាជនវៀតណាម ដែលធ្វើសកម្មភាពនៅខេត្តកំពតបានរាយការណ៍ថាអដ្ឋិធាតុដែលបានជីករុករកឃើញក្នុងភូមិសាស្រ្តខេត្តកំពតនារដូវប្រាំងឆ្នាំ២០២២ ២០២៣ នាពេលកន្លងមកហើយត្រូវបានធ្វើមាតុភូមិនិវត្តន៍នាពេលនេះមានចំនួន០៦ អធិធាតុ។ សរុបក្នុងរយៈពេល ឆ្នាំកន្លងមកចាប់ពីឆ្នាំ ២០០១  ដល់ឆ្នាំ២០២៣ ក្រុមការងារបច្ចេកទេសK92ជីកគាស់បានចំនួន១៦៧៤ អដ្ឋិធាតុរួចមកហើយ។ ចំនួនអដ្ឋិធាតុដែលសេសសល់មួយចំនួនទៀតកំពុងធ្វើការស្រាវជ្រាវដើម្បីជីកគាស់លើកនិងធ្វើមាតុភូមិនិវត្តន៍ជាបន្តទៀត។

លោកឧត្តមសេនីយ៍ត្រី ហុក ចន្តា មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពត តំណាងគណៈកម្មាធិការខេត្តកំពត បានថ្លែងអំណរគុណចំពោះវីរភាពអង់អាចក្លាហានរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានពលីជីវិតនៅលើទឹកដីខេត្តកំពត ក្នុងបុព្វហេតុសហការជាមួយកងទ័ពរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីវាយផ្តួលរំលំរបបប្រល័យជូពសាសន៍ប៉ុលពត ឱ្យដួលរលំនៅក្នុងឆ្នាំ១៩៧៩។

ឧត្តមសេនីយ៍ត្រី ហុក ចន្តា បានបញ្ជាក់ថាថ្ងៃនេះជាលើកទី២៣ដែលខេត្តកំពតបានប្រារព្ធធ្វើពិធីមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលជីករុករកឃើញនៅភូមិសាស្រ្តខេត្តកំពតសរុប១៦៧៤អដ្ឋិធាតុរួចមកហើយ ដើម្បីធ្វើមាតុភូមិនិវត្តន៍វិលត្រឡប់ទៅកាន់មាតុប្រទេសវិញ ក្នុងសកម្មភាពមនុស្សធម៌ តាមកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។  នៅក្នុងឱកាសនេះផងដែរឧត្តមសេនីយ៍ត្រី ហុក ចន្តា បានសូមជូនពរឱ្យការធ្វើដំណើរមាតុភូមិនិវត្តន៍របស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមនៅលើកទី២៣នេះប្រកបដោយជោគជ័យ និងសុវត្ថិភាព ៕

ដោយ ៖ សហការី


ចែករំលែក៖