លោកប្រធានាធិបតី ពូទីន បាននិយាយថា ក្រុមទាហានស៊ីឈ្នួល Wagner ពឹងផ្អែកទាំងស្រុងលើការគាំទ្ររបស់រដ្ឋ ហើយថាទីក្រុងមូស្គូបានចំណាយប្រាក់ច្រើនជាងមួយពាន់លានដុល្លារជួយដល់ក្រុមនេះក្នុងឆ្នាំកន្លងមក។
ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា “រដ្ឋបានបង់ប្រាក់ឱ្យ Wagner 86.26 ពាន់លានរូប្លិ (ជាង 1 ពាន់លានដុល្លារ) ដើម្បីផ្តល់ប្រាក់ខែនិងការលើកទឹកចិត្តដល់យុទ្ធជនចាប់ពីខែឧសភា ឆ្នាំ 2022 ដល់ខែឧសភា ឆ្នាំ 2023” ។ “ក្នុងចំណោមទាំងនេះ ប្រាក់បំណាច់មានចំនួនប្រហែល 70.38 ពាន់លានរូប្លិ៍ ប្រាក់រង្វាន់មាន 15.87 ពាន់លានរូប្លិ៍។”
លោកពូទីនបាននិយាយថា “ខ្ញុំចង់កត់សម្គាល់និងអនុញ្ញាតឱ្យអ្នករាល់គ្នាដឹងថា ហិរញ្ញវត្ថុរបស់ Wagner ត្រូវបានធានាយ៉ាងពេញលេញដោយរដ្ឋ។ យើងផ្តល់មូលនិធិយ៉ាងពេញលេញដល់ក្រុមនេះជាមួយនឹងថវិកាពីក្រសួងការពារជាតិ ដែលជារដ្ឋ”។
នៅថ្ងៃទី ២៩ខែមិថុនានេះដែរ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន បាននិយាយថា រូបលោកមិនមានមន្ទិលសង្ស័យអ្វីបន្តិចឡើយ ចំពោះការគាំទ្ររបស់ប្រជាពលរដ្ឋ
រុស្ស៉ី អំឡុងការបះបោររបស់ក្រុមទាហានស៉ីឈ្នួលរុស្ស៉ី Wagner។
«ខ្ញុំគ្មានការសង្ស័យទេអំពីប្រតិកម្មរបស់ប្រជាជននៅតំបន់ ដាហ្កេស្ថាន (Dagestan) និងនៅទូទាំងប្រទេស»។ លោក ពូទីន បាននិយាយយ៉ាងដូច្នេះ នៅពេលលោកបានជួបជាមួយលោក សឺហ្គៃ មេលីកូវ (Sergei Melikov) ជាមេដឹកនាំតំបន់ Dagestan ដែលស្ថិតនៅជាប់ប្រទេសហ្សកហ្ស៉ីនិងអាស៊ែបៃហ្សង់។ លោកប្រធានាធិបតីរុស្ស៉ី បានឆ្លើយតបបែបនោះទៅកាន់ លោក មេលីកូវ ដែលបានលើកឡើងថា ពុំមានបុគ្គលណាម្នាក់នៅតំបន់ Dagestan ដែលមិនគាំទ្រការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំនៃសហព័ន្ធរុស្ស៉ីនោះឡើយ ជុំវិញការបះបោរដែលត្រូវបាន ក្រុមហ៊ុន Wagner បោះបង់ចោលទៅវិញ។
កាលពីចុងសប្តាហ៍មុន កងកម្លាំង Wagner រាប់ម៉ឺននាក់ បានធ្វើដំណើរឆ្ពោះទៅទីក្រុងមូស្គូ ដើម្បីផ្តួលរំលំថ្នាក់ដឹកនាំនៃក្រសួងការពារជាតិរុស្ស៉ី ប៉ុន្តែលោក យេវហ្កេនី ព្រីហ្គោហ្ស៉ីន (Yevgeny Prigozhin) ដែលជាថៅកែក្រុមទាហានស៉ីឈ្នួលនេះ បានបញ្ជាឱ្យបោះបង់សកម្មភាពបះបោររបស់ពួកគេវិញ ក្រោយឈានដល់កិច្ចព្រមព្រៀងជាមួយវិមានក្រឹមឡាំង ក្រោមការសម្រុះសម្រួលរបស់ប្រធានាធិបតីបេឡារុស លោក អាឡិចសាន់ដឺ លូកានសិនកូ (Aleksandr Lukashenko)។ កាលពីថ្ងៃអង្គារសប្តាហ៍នេះ លោក ព្រីហ្គោហ្ស៉ីន បានទៅដល់បេឡារុស ដើម្បីរស់នៅដោយនិរទេសខ្លួន តាមការព្រមព្រៀងខាងលើ។
ទោះមានរយៈពេលខ្លីក៏ដោយ សកម្មភាពបះបោររបស់ក្រុមទាហានស៉ីឈ្នួល Wagner ត្រូវបានអន្តរជាតិមើលឃើញថា គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុតសម្រាប់លោក ពូទីន គិតចាប់តាំងតែពីលោក បានឡើងកាន់អំណាចនៅប្រទេសរុស្ស៉ី កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៩៕
ដោយ៖ ធីរីណា(រូបថត៖ AFP)