ខេត្តកំពង់ឆ្នាំង ៖ នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣នេះ នៅខេត្តកំពង់ឆ្នាំង មានតែគណបក្សប្រជាជនកម្ពុជតែមួយគត់ ក្នុងចំណោមគណបក្សចំនួន១៤ បានចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដែលបានដាក់សំណើរ មកគណកម្មការរៀបចំការបោះឆ្នោត ខេត្តកំពង់ឆ្នាំង ដើម្បីសុំបើកយុទ្ធនាការឃោសនាបោះឆ្នោតនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ស្អែកនេះ ។ នេះបើតាមការបញ្ជាក់របស់លោកស្រីនួន ចាន់នី ប្រធានគណកម្មាធិការរៀបចំការបោះឆ្នោតខេត្តកំពង់ឆ្នាំង ដែលបានបញ្ជាក់ប្រាប់តាមប្រព័ន្ធតេឡេក្រាម កាលពីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣នេះ ។
លោកស្រីនួន ចាន់នី បានបញ្ជាក់ទៀតថា នៅថ្ងៃដំបូងនៃយុទ្ធនាការឃោសនានេះ យោងតាមការស្នើរសុំរបស់គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ឆ្នាំង បានគ្រោង សមាជិកចូលរួមដង្ហែរក្បួន ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតនេះអ្នកចូលរួមប្រមាណ៣ម៉ឺននាក់ និងមធ្យោបាយមាន រថយន្តធំ១៣៦គ្រឿង រថយន្តតូចចំនួន៧១១គ្រឿង ម៉ូតូ ៥៣៣០គ្រឿង ទូកតូច៦គ្រឿង មេក្រូ៥០គ្រឿង ឆៃយ៉ាំ១៦ក្រុម និង ធុងបាស ការប្រគុំតន្រ្តីសម័យ ៣៤ ទីតាំង ។
ចំពោះនៅក្នុងយុទ្ធនាការឃោសនានេះ បានធ្វើសកម្មភាពឃោសនាជា ការជួបជុំ ការហែរក្បួន ឃោសនា ការប្រគុំតន្រ្តី ការចាក់មេក្រូនៅតាមទីស្នាក់ការគណបក្ស និងចល័តតាមភូមិក្នុងឃុំ សង្កាត់ ការឃោសនាតាមផ្ទះ ការចែកខិតប័ណ្ណ និងបិទបដាជាដើម ៕
ដោយ ៖ ចន្ថា