ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានព្រមានទៅដល់ក្រុមប្រឆាំងកុំឲ្យប្រមាថទៅលើយុទ្ធសាស្ត្ររបស់សម្ដេចឲ្យសោះ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការលុបចោលហ្វេសប៊ុក page របស់សម្ដេចដែលមានអ្នកតាមដានជាង ១៤លាននាក់ តែសម្ដេចនៅតែមានទំនាក់ទំនងល្អជាមួយនឹងប្រជាពលរដ្ឋដដែលតាមរយៈបណ្ដាញសង្គមផ្សេងទៀត។
ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត ៧ពាន់នាក់ នៅស្រុកក្រគរ ខេត្តពោធិ៍សាត់ ព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានព្រមានទៅដល់ក្រុមប្រឆាំងថាបច្ចុប្បន្នក្រុមប្រឆាំងគឺមានតែ facebook មួយប៉ុណ្ណោះដែលមានឥទ្ធិពលក្នុងការផ្សព្វផ្សាយរបស់ខ្លួន។ សម្ដេចបានព្រមានថាប្រសិនជានៅតែព្រហើន facebook អាចនឹងត្រូវបិទជាបណ្ដោះអាសន្នឬជាផ្លូវការពីប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ថា៖ «លោកឯងកុំប្រមាថយុទ្ធសាស្ត្ររបស់ហ៊ុនសែនឲ្យសោះ។ ហ៊ុនសែនបាត់ ១៤លាននាក់តែនៅតែមានទំនាក់ទំនងជាមួយនឹងប្រជាពលរដ្ឋជានិច្ច»។
បើទោះជាយ៉ាងណាសម្ដេចតេជោបានលើកឡើងថាសម្ដេចមិនចង់ធ្វើឲ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋនោះទេ។
សម្ដេចបានជំរុញទៅដល់ប្រជាពលរដ្ឋឲ្យ download បណ្ដាញទំនាក់ទំនងសង្គមផ្សេងទៀតឲ្យហើយករណីដែល facebook អាចបិទពីកម្ពុជា។
បច្ចុប្បន្នសម្ដេចតេជោបានប្រើប្រាស់បណ្ដាញទំនាក់ទំនងសង្គមផ្សេងពី facebook ដែលរួមមាន TikTok និង Telegranb ដែលមានអ្នកតាមដានជាច្រើនទៅលើ Channel ទាំងពីរនេះ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវមោទកភាពថា អ្វីដែលយើងបាននិងកំពុងធ្វើសព្វថ្ងៃនេះ គឺដើរត្រូវទិសហើយ។
សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាល បានគូសបញ្ជាក់បែបនេះ ដោយផ្អែកលើការស្ទង់មតិរបស់ជន បរទេសដែលសម្តេចបានជួលដោយស្ងាត់ៗដើម្បីចង់ដឹងអំពីអ្វីដែលធ្វើត្រូវនិងអ្វីដែលនៅខ្វះចន្លោះ។
អំពីការស្ទង់មតិនេះសម្ដេចតេជោ មានប្រសាសន៍បន្តថា ទោះជាយ៉ាងណា លទ្ធផលនេះឱ្យឃើញតែមនុស្សប៉ុន្មាននាក់ទេ រួចហើយរកវិធី កែសម្រួលដោយស្ងាត់ៗ រាប់ទាំងការស្ទង់មតិទៅលើបុគ្គលម្នាក់ៗ តែម្តង នៃបក្សនយោបាយនានា រួមទាំង នៅក្នុងបក្សប្រជាជនផងដែរ ហើយ តាមរយៈនៃការស្ទង់មតិនេះ ក៏បានរកឃើញថា អ្នកដែលបានបោះឆ្នោតឲ្យសម្ដេចភាគច្រើនស្ត្រី មានច្រើនជាងបុរសដែលសំឡេងគាំទ្របែបនេះ មានជាច្រើនឆ្នាំមកហើយៗតាមរយៈការរកឃើញលទ្ធផល នៃចំណុចវិជ្ជមាន និងអវិជ្ជមានមួយចំនួនបានជារាជរដ្ឋាភិបាល ក៏ដូចជាខាងគណបក្សបានបញ្ជូនមន្ត្រីឱ្យទៅជួយមូលដ្ឋាន៕
ដោយ ៖ សិលា