ខេត្តស្វាយរៀង ៖ លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានអញ្ជើញ បើកការដ្ឋាន ជួសជុលផ្លូវ ២ខ្សែ ដីក្រាលថ្មបំបែក ប្រវែង១០.៥០០ ម៉ែត្រ ទទឹងផ្លូវដីស ៥ ម៉ែត្រ ទទឹងថ្មបំបែក ៤.៥ ម៉ែត្រ ដាក់លូចំនួន ០៥ កន្លងលូទោលមុខកាត់ ០.៦០ ម៉ែត្រ ចំនួន០២កន្លែង លូមុខកាត០.៨០ ម៉ែត្រ ចំនួន ០៣ កន្លែងមាន៣ភូមិ គឺភូមិពពេល ភូមិបឹង និងភូមិ តាសួសក្នុងឃុំត្រស់ស្រុករមាសហែក នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣។
ក្នុងឱកាសនោះលោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានធ្វើការផ្ដាំផ្ញើសាកសួរសុខទុក្ខនឹងនឹករលឹកពីសំណាក់លោក សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក មិនតែប៉ុណ្ណោះលោកបានគាំទ្រនិងឧបត្ថមជាថវិកានិងផ្ដល់អគារមន្ទីរពេទ្យបង្អែកស្រុករមាសហែកដ៏ថ្មីស្រឡាង ក៏ដូចជាសមិទ្ធផលនានាជាច្រើនទៀតនៅទូទាំងស្រុករមាសហែកផងដែរ។
នៅក្នុងឱកាសនោះ លោកអភិបាលស្រុក ក៏បានក្រើនរំលឹក និងជំរុញដល់ប្រជាពលរដ្ឋទាំងអស់កុំលែងសត្វពាហៈនៈដែលចិញ្ចឹមពាសវាល ពាសកាល និយាយជារួមគឺរួមគ្នាដោះស្រាយរាល់បញ្ហាទាំងឡាយ ដែលកើតមានឡើងនៅមូលដ្ឋានហើយ ក៏មិនត្រូវសាងសង់សំណង់នៅលើចិញ្ចើមផ្លូវរបស់រដ្ឋ និងត្រូវបញ្ឈប់ការចោលសំរាមពាសវាលពាសកាលនៅទីសាធារណៈ ដើម្បីបរិស្ថានស្អាត មានសោភណ្ឌភាពល្អ ពីព្រោះថាសំរាម គឺជាបញ្ហាប្រឈមរួមដែលយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់ដោះស្រាយមិនអាចខ្វះបាន នាពេលបច្ចុប្បន្ននេះ។
លោក ស៊ូ ម៉ុល បានបន្តថា គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខបានធ្វើឱ្យប្រទេសជាតិ មានសុខសន្តិភាព ទើបធ្វើឲ្យមូលដ្ឋានមានការអភិឌ្ឍន៍ រីកចម្រើនលើគ្រប់វិស័យ ហើយក៏មិនប្រកាន់និន្នាការនយោបាយនោះដែរ គឺត្រូវបម្រើសេវាជូនប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋានហើយអ្វីដែលសម្រេចបាននោះគឺវាអាស្រ័យដោយមានការចូលរួមពីសំណាក់បងប្អូនប្រជាពលរដ្ឋរបស់យើងផងដែរ។
លោក បានបញ្ជាក់ថា ផ្លូវ២ខ្សែ ឆ្លងកាត់៣ភូមិ ដែលបើកការដ្ឋាន និងដាក់លូ នាពេលនេះ ដោយពីមុនផ្លូវគឺមានសភាពតូចចង្អៀត និងខូចខាតច្រើនហើយនៅរដូវវស្សាស្ថានភាពផ្លូវគឺមានទឹកដក់ និងរអិលពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ផ្លូវ។ ដូចនេះហើយ ការពង្រីក និងការជួសជុលផ្លូវ នាពេលនេះ សុំការយោគយល់ ពីប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវចូលរួមសហការក្នុងការអនុវត្តគម្រោង ហើយនៅពេលផ្លូវនេះបានជួសជុល រួចហើយ សូមឱ្យអ្នកប្រើប្រាស់ផ្លូវទាំងអស់គ្នាត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផងដែរ ដើម្បីគេចផុតនូវការគ្រោះថ្នាក់ចរាចរណ៍ផងដែរ មិនថានៅទីប្រជុំជន ឬជនបទនោះឡើយ។
ជាមួយគ្នានេះ លោកអភិបាលស្រុកក៏បានលើកឡើងពីគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៧ចំណុច ពិសេស លោកបានសំណូមពរឱ្យប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានរបស់ខ្លួនជាពិសេសអ្នកដែលប្រើប្រាស់ផ្លូវថ្នល់ទាំងអស់សូមចូលរួមថែទាំផ្លូវថ្នល់ ដែលបានធ្វើរួចហើយត្រូវគិតថាផ្លូវជាសម្បត្តិរួម ដើម្បីប្រើប្រាស់បានយូរអង្វែងទៅថ្ងៃក្រោយមិនតែប៉ុណ្ណោះសូមអញ្ជើញបងប្អូនប្រជាពលរដ្ឋទៅចុះឈ្មោះនិងពិនិត្យឈ្មោះបោះឆ្នោតអោយបានរួសរាន់និងត្រូវត្រៀមលក្ខណ:សម្បត្តិឲ្យបានគ្រប់គ្រាន់សម្រាប់បំពេញកាតាព្វកិច្ច ជាពលរដ្ឋក្នុងការចូលរួម ក្នុងការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧ នាថ្ងៃអាទិត្យទី២៣ខែកក្កដាឆ្នាំ២០២៣ ពេលខាងមុខអោយបានគ្រប់ៗគ្នា។
ក្នុងឱកាសនោះ បងប្អូនប្រជាពលរដ្ឋរស់នៅឃុំត្រស់ ស្រុករមាសហែកមានចិត្តរំភើបរីករាយក្រោយបានសមិទ្ធផល ផ្លូវដីក្រាលថ្មបំបែក ប្រវែង១០៥០០ ម៉ែត្រចំនួន២ខ្សែ មាន៣ភូមិ ពពេលភូមិ បឹង និង ភូមិ តាសួស ងាយស្រួលក្នុងការធ្វើដំណើរនិងដឹកកសិផលផ្សេងៗក្នុងការកាត់បន្ថយភាពក្រីក្រជូនប្រជាពលរដ្ឋបានមួយកម្រិត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ៕
ដោយ៖ សុថាន