ព័ត៌មានទាន់ហេតុការណ៍៖

ឈ្លូស (Red muntjac) ស្ថិតក្នុងក្រុមប្រភេទសត្វមានដោយបង្គួរនៅលើពិភពលោក

ចែករំលែក៖

ភ្នំពេញ​៖​ ឈ្លូស (Red muntjac) ស្ថិតក្នុងក្រុមប្រភេទសត្វមានដោយបង្គួរនៅលើពិភពលោក។ សត្វឈ្លូសត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ជាប្រភេទអាស្រ័យលើកិច្ចអភិរក្សនៅតាមតំបន់ជាក់លាក់ដែលវារស់នៅ។ សត្វប្រភេទនេះមាននៅប្រទេសឥណ្ឌា រហូតដល់ប្រទេសចិនភាគខាងត្បូង តំបន់អាស៊ីអាគ្នេយ៍រួមនឹងកម្ពុជា ព្រមទាំងកោះស៊ូម៉ាត្រា កោះចាវា និងកោះបាលី។​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​៣០​ ខែមិថុនា​ ឆ្នាំ​២០២៣។ 

ក្រសួង​បរិស្ថាន​ បានឱ្យដឹងទៀតថា​ រហូតមកទល់នឹងពេលនេះ មិនមានទិន្នន័យច្បាស់លាស់ថានៅលើពិភពលោកមានសត្វឈ្លូសប៉ុន្មានក្បាលឡើយ ប៉ុន្តែយោងតាមការសិក្សារបស់អ្នកជំនាញ ចំនួនសត្វឈ្លូសមាននិន្នាការធ្លាក់ចុះ។ នៅប្រទេសកម្ពុជា សត្វឈ្លូសសម្បូណ៌ស្ទើរគ្រប់ទីកន្លែង តែមិនមានអាចប៉ាន់ស្មានដឹង ចំនួនពិតប្រាកដឡើយ។

ប្រភេទនេះកំពុងប្រឈមនឹងរងគ្រោះថ្នាក់ដោយសារតែការបរបាញ់ ការបណ្តើរឆ្កែទាក់ចាប់ ការដាក់អន្ទាក់ដើម្បីយកសាច់ធ្វើជាអាហារ និងគ្រោះថ្នាក់ដោយសារតែពពួកសត្វស៊ីសាច់ជាអាហារ។ តាមការសិក្សារបស់អ្នកជំនាញ ឈ្លូសអាចរស់នៅគ្រប់ប្រភេទព្រៃ។ ឈ្លូសបន្លឺសំឡេងខ្លាំងនិងតតបគ្នារហូតដល់រយៈពេល ១ ម៉ោង ប្រសិនបើវាជួបនូវគ្រោះអាសន្ន ហើយសំឡេងនេះអាចឮរហូតដល់ ១ គីឡូម៉ែត្រ។ ចំណីរបស់វាមានដូចជាមែកឈើតូចៗ ពិសេសស្លឹករុក្ខជាតិ ផ្លែឈើដែលធ្លាក់និងដំណុះកូនឈើ។ នៅតំបន់ខ្លះ វាធ្វើសកម្មភាព និងចេញរកចំណីនៅពេលថ្ងៃ ប៉ុន្តែវាអាចធ្វើសកម្មភាពនិងរកចំណីពេញមួយយប់ ប្រសិនបើមានការរំខាន។ រដូវបន្តពូជប្រព្រឹត្តទៅនៅខែធ្នូ រហូតដល់ខែមករា និងផ្តល់កំណើតកូនមួយក្បាល ជួនកាលភ្លោះ ប៉ុន្តែកម្រមានណាស់។

ក្នុងប្រភេទជម្រុះស្នែង សត្វឈ្លូសជាប្រភេទសត្វដែលមានមាឌតូច និងមានស្នែងខ្លីប្រវែងពី ១០-១៥ សង្ទីម៉ែត្រ ព្រមទាំងប្រវែងខ្នែងមិនលើសពី ៥ សង្ទីម៉ែត្រ។ ឈ្លូសញីគ្មានស្នែងដូចឈ្លូសឈ្មោលទេ គឺគ្រាន់តែលេចចេញជាដុំពក ឆ្អឹងតូចនៅពីលើក្បាលជាមួយរោមកញ្ចុំប៉ុណ្ណោះ។ 

ឈ្លូសញីនិងឈ្មោលមានចង្កូមដូចគ្នា ប៉ុន្តែឈ្មោលមានលក្ខណៈវែងជាង ដែលជាទូទៅវាប្រើប្រាស់ក្នុងការប្រយុទ្ធជាមួយគូប្រជែង នៅពេលដណ្តើមញីនៅរដូវបន្តពូជ។ វាមានរោមពណ៌ត្នោត លឿង ហើយមានភាពស្រគាំនៅផ្នែកខាងលើ និងព្រលែតនៅផ្នែកខាងក្រោម។ នៅលើផ្ទៃមុខបង្ហាញនូវខ្សែឆ្នូតពណ៌ខ្មៅស្ថិតនៅជាប់ចង្អូរស្នែងទាំងពីរ។ នៅខាងលើកន្ទុយមានពណ៌ក្រហម និងខាងក្រោមមានពណ៌ស៕

ដោយ​៖សហការី​


ចែករំលែក៖