នៅជាយក្រុង Nanterre នៅកណ្តាលនៃរលកនៃការតវ៉ាជុំវិញការបាញ់សម្លាប់យុវជនអាហ្រ្វិក អាយុ 17 ឆ្នាំម្នាក់ដោយប៉ូលិស ការឆេះរថយន្ត និងការប៉ះទង្គិចជាមួយប៉ូលិសបានបន្តដោយបង្ខំឱ្យអាជ្ញាធរចេញបទបញ្ជាបម្រាមគោចរយ៉ាងតឹងរ៉ឹង។
គិតត្រឹមថ្ងៃទី 30 ខែមិថុនា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំងលោក Gerald Darmanin បាននិយាយថា មនុស្សចំនួន 667 នាក់ត្រូវបានចាប់ខ្លួនពេញមួយយប់ក្នុងប្រទេសបារាំង បន្ទាប់ពីកុបកម្មបានផ្ទុះឡើងជាយប់ទីបីជាប់ៗគ្នានៅទូទាំងប្រទេសដើម្បីតវ៉ាប្រឆាំងនឹងប៉ូលិសបាញ់សម្លាប់យុវជនម្នាក់កាលពីដើមសប្តាហ៍។
ប្រទេសបារាំងបានដាក់ពង្រាយប៉ូលិសចំនួន 40,000 នាក់ ដើម្បីព្យាយាមលុបបំបាត់ភាពចលាចលដែលកំពុងរីករាលដាល។ ក្នុងចំណោមអ្នកដែលត្រូវបានចាប់ខ្លួននោះ មាន៣០៧នាក់នៅក្នុងក្រុងប៉ារីស។
នៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើ Twitter រដ្ឋមន្ត្រី Gerald Darmanin បានសរសេរថា “រាត្រីនៃកុប្បកម្មគឺមិនអាចទទួលយកបានទាំងស្រុងសម្រាប់និមិត្តសញ្ញានៃសាធារណរដ្ឋ»។ការតវ៉ា និងកុបកម្មបានផ្ទុះឡើង និងបានកើតឡើងជាប់ៗគ្នាអស់រយៈពេល៣ថ្ងៃមកហើយ បន្ទាប់ពីប៉ូលិសបានបាញ់សម្លាប់ក្មេងប្រុសអាយុ ១៧ឆ្នាំម្នាក់ កាលពីព្រឹកថ្ងៃទី២៧ ខែមិថុនា ពីបទមិនគោរពតាមបញ្ជារបស់ប៉ូលិសពេលកំពុងធ្វើចរាចរណ៍។
រលកនៃការតវ៉ាកុប្បកម្មនៅតែបន្តរីករាលដាល ទោះបីជាមានការប្រកាសរបស់ព្រះរាជអាជ្ញាថា មន្ត្រីប៉ូលិសដែលបាញ់កាំភ្លើងនោះ ត្រូវបាននាំខ្លួនទៅកាន់តុលាការ ហើយកំពុងត្រូវបានស៊ើបអង្កេតពីបទឃាតកម្មក៏ដោយ៕

ដោយ៖ ធីរីណា(រូបថត៖ Reuters)
សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច