ព័ត៌មានទាន់ហេតុការណ៍៖

(គជប) ចេញសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពីការឃោសនាបោះឆ្នោតចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ១០:០០នាទី នៅសាលសន្និសីទរបស់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) មានកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនឹងការបោះឆ្នោត ក្រោមអធិបតីភាព លោក ឌឹម សុវណ្ណារុំ សមាជិក គ.ជ.ប ប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយអំពីការចាប់ផ្ដើមដំណើរការនៃការឃោសនាបោះឆ្នោត និងការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈក្នុងពេលឃោសនាបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។

លោក ឌឹម សុវណ្ណារុំ បានថ្លែងថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល ២១ ថ្ងៃ។ គណបក្សនយោបាយ ដែល ត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន ១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្ដីណែនាំ ស្ដីពីការឃោសនា បោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក។ លោកបានជម្រាបជូនអំពីសកម្មភាពដែលចាត់ទុកជាការឃោសនាបោះឆ្នោតមានដូចជា ការ ជួបប្រជុំជាសាធារណៈរបស់គណបក្សនយោបាយ ឬបេក្ខជន ការរៀបចំក្បួនព្យុហយាត្រា ឬក្បួន ដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ នៅរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ការជួបជុំ ឬការឃោសនានៅតាមផ្ទះ សកម្មភាពចែកខិត្តបណ្ណរបស់គណបក្សនយោបាយ។ល។

ចំពោះការហែក្បួនឃោសនាបោះឆ្នោត លោក ឌឹម សុវណ្ណារុំ បានមានប្រសាសន៍ថា ការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ ត្រូវ បានធ្វើយ៉ាងច្រើន ៤ ដង ស្ថិតក្នុងព្រំប្រទល់រាជធានី ខេត្ត ដែលសាមីគណបក្សនយោបាយមានបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត។ ទម្រង់ និងទំហំនៃការហែក្បួនព្យុហយាត្រា ឬក្បួនដំណើរ ដោយក្រុមថ្មើរជើង ឬដោយយានជំនិះគ្រប់ប្រភេទ ត្រូវបានកំណត់ដូចខាងក្រោម៖

– ការរៀបចំជាក្បួន មានបិទបដា ឬ/និងពាក្យស្លោក ឬ/និងសារនយោបាយផ្សេងៗ ភ្ជាប់ នឹងរថយន្ត ឬ/និងទោចក្រយានយន្ត ឬ/និងត្រីចក្រយានយន្ត ឬជលយានគ្រប់ប្រភេទ និងមានការចាក់ផ្សាយដោយឧបករណ៍បំពងសំឡេងមានអ្នកចូលរួមចាប់ពី ២០ នាក់ឡើងទៅ ដោយក្រុមថ្មើរជើង ឬ/និងប្រើប្រាស់យានជំនិះ

តាមប្រភេទណាមួយ ឬទាំងអស់ក្នុងការឃោសនាបោះឆ្នោត មាន៖ រថយន្តចាប់ពី ២ គ្រឿងឡើងទៅ អមដោយទោចក្រយានយន្ត ឬ/និងត្រីចក្រយានយន្ត ចាប់ពី ១០ គ្រឿងឡើងទៅ

– ទោចក្រយានយន្ត ឬ/និងត្រីចក្រយានយន្តចាប់ពី ២០ គ្រឿងឡើងទៅ និង ជលយានគ្រប់ប្រភេទចាប់ពី ៥ គ្រឿងឡើងទៅ។

លោក ឌឹម សុវណ្ណារុំ បានមានប្រសាសន៍បន្តទៀតថា គណបក្សនយោបាយដែល មានបំណងហែក្បួនឃោសនាបោះឆ្នោត ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរទៅគណៈកម្មការ រាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) យ៉ាងតិចឱ្យបាន ៣ថ្ងៃ មុនថ្ងៃហែក្បួនឃោសនាបោះឆ្នោត។ ការជូនដំណឹងនេះត្រូវបញ្ជាក់ព័ត៌មានឱ្យបានច្បាស់លាស់អំពីកាលបរិច្ឆេទ ពេលវេលានៃការហែក្បួន ទីតាំងប្រមូលផ្តុំ តម្រាយផ្លូវដែលត្រូវហែក្បួន ទីតាំងរំសាយ ចំនួនអ្នកចូលរួម និងចំនួនយានជំនិះ តាមប្រភេទនីមួយៗ។

ជារួម ការឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយត្រូវធ្វើឡើងឱ្យស្របតាមនីតិវិធី និងសេចក្ដីណែនាំពាក់ព័ន្ធនឹងការឃោសនាបោះឆ្នោត។

លោក ឌឹម សុវណ្ណារុំ បានបញ្ជាក់ជូនទៀតថា ការឃោសនាបោះឆ្នោត ត្រូវតែមាន ការរក្សាសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ។ ដើម្បីចូលរួមការពារក្នុងដំណើរការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យដំណើរការប្រកបដោយបរិយាកាសសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព គ្មានការគំរាមកំហែង និងគ្មានអំពើហិង្សា គណៈបញ្ជាការសន្តិសុខអចិន្ត្រៃយ៍សម្រាប់ការបោះឆ្នោត និងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានដាក់ចេញនូវសេចក្ដីណែនាំរួមលេខ ០១ ស.ណ.ន ចុះថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ស្ដីពី “សកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខបោះឆ្នោត ក្នុង យុទ្ធនាការការពារដំណើរការរៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧-ឆ្នាំ២០២៣ ដើម្បីកំណត់យន្តការរចនាសម្ព័ន្ធសន្តិសុខបោះឆ្នោតគ្រប់លំដាប់ថ្នាក់ ក្រសួង/ស្ថាប័ន និងអង្គភាព ពាក់ព័ន្ធ ជាពិសេសគណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត គណៈកម្មការរាជធានី ខេត្តរៀបចំ ។ 

សូមអាននូវខ្លឹមសារទាំង របស់ចេញសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យ គ.ជ.ប ស្តីពីការឃោសនាបោះឆ្នោតចាប់ផ្តើមពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដូចខាងក្រោម ៕

ដោយ ៖ សិលា


ចែករំលែក៖