ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ក្រសួងសុខាភិបាល បានចេញ សេចក្តីជូនដំណឹង ស្តីពីការឈប់សម្រាកនូវការចាក់វ៉ាក់សាំងកូវីដ-១៩ ចំនួន ០៣ថ្ងៃ ក្នុងអំឡុងពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ។
យោង៖ -សេចក្តីសម្រេចលេខ ៤៦ សសរ ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ របស់រាជរដ្ឋាភិបាលកម្ពុជា ស្ដីពី ការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា។
-ចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ លើលិខិតរបស់គណៈប្រចាំការ នៃ គ.ប.ក ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៣។
សេចក្ដីដូចមានចែងក្នុងយោងខាងលើ គ.វ.ក-១៩ សូមជម្រាបជូនបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ កម្មការិនី សិស្ស និស្សិត នៅទូទាំងប្រទេសឱ្យបានជ្រាបថា៖ ការផ្ដល់ការចាក់វ៉ាក់សាំងកូវីដ-១៩ នៅទូទាំងប្រទេស នឹងត្រូវបានអនុញ្ញាតឱ្យសម្រាកចំនួន ០៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ ដើម្បីបង្កលក្ខណៈងាយស្រួល ក៏ដូចជាទុកពេលវេលាឱ្យមន្ត្រីសុខាភិបាល និងប្រជាពលរដ្ឋក្នុងការត្រៀមខ្លួន និងទៅចូលរួម បោះឆ្នោតឱ្យបានច្រើនកុះករនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។ ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូន ប្រជាជន នឹងត្រូវដំណើរការជាប្រក្រតីឡើងវិញចាប់ពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ដោយក្រុមការងារនឹងរៀបចំឱ្យ បានរួចរាល់ ដើម្បីធានាបានថាប្រជាជនអាចមកចាក់វ៉ាក់សាំងវិញបាននៅថ្ងៃទី២៥ ខែកក្កដា នេះ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូម បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា