ព័ត៌មានទាន់ហេតុការណ៍៖

លោក បណ្ឌិត ហ៊ុន ម៉ាណែត ៖ ប្រទេសកម្ពុជាយើង គ្មានជម្លោះសាសនានោះទេ ហើយសាសនាខុសគ្នា និងជាតិសាសន៍ខុសគ្នា ក៏មិនមែនជាឧបសគ្គរារាំងដល់ការកសាងប្រទេសនោះឡើយ

ចែករំលែក៖

ភ្នំពេញ ៖ ប្រទេសកម្ពុជាយើង គ្មានជម្លោះសាសនានោះទេ ហើយសាសនាខុសគ្នា និងជាតិសាសន៍ខុសគ្នា ក៏មិនមែនជាឧបសគ្គរារាំងដល់ការកសាងប្រទេសនោះឡើយ ។ នេះជាសម្រង់ប្រសាសន៍សំខាន់ៗរបស់ លោក បណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការវិហារឥស្លាម ម៉ាស្ជិទអាល់អាក់ឡា ព្រែកប្រា និងស៊ូរ៉ាវស្ត្រី ស្ថិតនៅភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នៅថ្ងៃសុក្រ ទី៣០ ខែមិថុនា ឆ្នាំ២០២៣ ។

លោក បណ្ឌិត ហ៊ុន ម៉ាណែត មានប្រសាសន៍ថា ៖ សូមចូលរួមអបអរសាទរចំពោះការសម្ពោធដាក់ឱ្យប្រើប្រាស់វិហារឥស្លាម ម៉ាស្ជិទ អាល់អាក់ឡា ព្រែកប្រា និង អគារស៊ូរ៉ាវស្ត្រី ដែលជាសមិទ្ធផលថ្មីនៅក្នុងរាជធានីភ្នំពេញ និងសូមថ្លែងអំណរគុណដល់សប្បុរសជនសាសនិកឥស្លាមទាំងក្នុង និងក្រៅប្រទេស ព្រមទាំងគណៈអ៊ីមាំគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមបរិច្ចាគទាំងថវិកា, ពេលវេលា និងកម្លាំងកាយ-ចិត្ត ចូលរួមកសាងសមិទ្ធផលទាំងនេះ នៅក្នុងមជ្ឈមណ្ឌលនៃអំពើល្អ បម្រើឱ្យការគោរពបដិបត្តិសាសនាឥស្លាម តាមបញ្ញតិរបស់អាល់ឡោះ និងការប្រៀនប្រដៅរបស់ព្យាការីមូហាំម័ទ រួមមាន ការបបួលគ្នាធ្វើអំពើល្អ និងហាមឃាត់អំពើអាក្រក់ទាំងទ្បាយទាំងពួង ។ ជាមួយនេះ ក៏សូមថ្លែងអំណរគុណចំពោះ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត និងភារធារីអមស្ថានទូតនៃបណ្តាប្រទេសជាមិត្ត ដែលបានចូលរួមក្នុងឱកាសនេះ ញ៉ាំងឱ្យកម្មវិធីនេះ កាន់តែមានភាពមហោឡារិកអធិកអធម ព្រមទាំងបានសរបញ្ជាក់ឱ្យឃើញអំពីការខិតខំប្រឹងប្រែងរួមនៅក្នុងការពង្រឹង និងលើកកម្ពស់ទំនាក់ទំនងរវាងប្រទេស និងប្រទេស, ប្រជាជន និងប្រជាជន ឱ្យកាន់តែមានមានភាពជិតស្និទ្ធលើគ្រប់វិស័យ ។

 លោក បណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ ថា : ប្រទេសកម្ពុជាយើង គ្មានជម្លោះសាសនានោះទេ ហើយសាសនាខុសគ្នា និងជាតិសាសន៍ខុសគ្នា ក៏មិនមែនជាឧបសគ្គរារាំងដល់ការកសាងប្រទេសនោះឡើយ ។ ពិតមែនតែនៅក្នុងប្រទេសរបស់យើង មានព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ប៉ុន្តែយើងមិនបានមើលរំលងចំពោះសាសនាដទៃទៀតឡើយ ។ ក្នុងនោះ សាសនាឥស្លាម គឺជាសាសនាធំទី២ បន្ទាប់ពីព្រះពុទ្ធសាសនា ហើយសាសនាគ្រិស្ដ រួមទាំងសាសនាដទៃទៀត ក៏ទទួលបាននូវការយកចិត្តទុកដាក់ដូចគ្នា ដោយបង្កើតបាននូវសុខដុមនីយកម្មសាសនានៅក្នុងសង្គមជាតិទាំងមូល ។ សុខដុមនីយកម្មជាតិសាសន៍ និងសាសនា គឺជាមូលដ្ឋានដ៏សំខាន់សម្រាប់ការទទួលបាននូវសុខសន្តិភាពពេញលេញ ទាំងសន្តិភាពផ្លូវកាយ និងសន្តិភាពផ្លូវចិត្ត ។ ពិតណាស់ សុខដុមនីយកម្មសាសនា គឺជាមូលដ្ឋាននៃសុខដុមនីយកម្មរបស់កម្ពុជាជារួម នៅក្រោមបរិយាអំណោយផលសំខាន់ចំនួន ៣ គឺ៖ សន្តិភាព, សិទ្ធិសេរីភាព និងជីវភាព ។

 លោក បណ្ឌិត ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណចំពោះលោកតាលោកយាយ អ៊ំពូមីង និងបងប្អូនប្រជាពលរដ្ឋ ដែលកន្លងមកបានជឿជាក់ និងផ្តល់ទំនុកចិត្តលើ សម្តេចតេជោ និង រាជរដ្ឋាភិបាល ដោយក្នុងដំណាក់កាលដ៏លំបាក និងគ្រោះថ្នាក់បំផុត គឺប្រជាពលរដ្ឋនៅទូទាំងប្រទេស បានស្ម័គ្រចិត្តចូលរួមចាក់វ៉ាក់សាំង ដើម្បីការពារជីវិតពីការឆ្លងរាតត្បាតជាសាកលនៃជំងឺកូវីដ-១៩ ។ ទិន្នន័យដ៏ច្រើនលើសលប់នៃចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំង គឺបានបង្ហាញអំពីគាំទ្រ និងការជឿជាក់លើការដឹកនាំរបស់ សម្តេចតេជោ ជាពិសេសនៅក្នុងកាលៈទេសៈដែលប្រជាជនមានគ្រោះអាសន្ន និងត្រូវការអ្នកជួយសង្គ្រោះ ។ ដូច្នេះ សូមប្រជាពលរដ្ឋចេញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដើម្បីបំពេញកាតព្វកិច្ច និងការទទួលខុសត្រូវក្នុងនាមជាពលរដ្ឋល្អ តាមរយៈការអនុវត្តសិទ្ធិក្នុងការជ្រើសរើសគណបក្សនយោបាយមួយ ដែលខ្លួនពេញចិត្ត និងសូមគូសសន្លឹកឆ្នោតឱ្យបានត្រឹមត្រូវ ស្របតាមលក្ខន្តិកៈ និងគោលការណ៍ណែនាំរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ៕

ដោយ ៖ សិលា


ចែករំលែក៖