ខេត្តតាកែវ ៖ មន្ត្រីនគរបាលមួយរូបដែលជាអ្នកកាងទំនិញដ៏សកម្មពីប្រទេសវៀតណាមចូលកម្ពុជាក្នុងភូមិ សាស្ត្រខេត្តតាកែវត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួនកាលពីថ្មីៗនេះហើយកំពុងបន្តនីតិវិធីកសាងសំណុំរឿងគ្រោងនឹងបញ្ជូនទៅសាលាដំបូងខេត្ត តាកែវនៅថ្ងៃទី៤ខែ កក្កដានេះ។
មន្ត្រីនគរបាលរូបនេះត្រូវគេនិយាយថាបានផ្ទុះ អាវុធក្នុងបុព្វហេតុកាងទំនិញបង្កឱ្យភ្ញាក់ផ្អើលនិងប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ។
ប្រភពបានរាយការណ៍ថា នៅថ្ងៃទី០១ ខែកក្កដា ឆ្នាំ ២០២៣ វេលាម៉ោង០៨ និង៤០នាទី នៅចំណុចតាមបណ្តោយផ្លូវជាតិលេខ២ ស្ថិតក្នុងភូមិបន្ទាយ ឃុំជីខ្មារ ស្រុកទ្រាំង ខេត្តតាកែវ មានករណីរារាំងការអនុវត្តច្បាប់របស់មន្ត្រីសាធារណ: និងប្រេីប្រាស់អាវុធដោយខុស ច្បាប់ បានកេីតឡេីង បង្កដោយឈ្មោះ ណុប សំបូរ ភេទ ប្រុសអាយុ៣១ឆ្នាំនាយរងការិយាល័យនគរបាលប្រឆាំង បទល្មេីសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ មានទីលំនៅភូមិកំពង់អំពិល ឃុំ-ស្រុកបូរីជលសារ ខេត្ត តាកែវ ជិះរថយន្ត០១គ្រឿង ម៉ាក FORD RANGER WILDTRAK ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1BY -9899 បានធ្វេីសកម្មភាពរារាំង (បិទគូថ) និងបានដកកាំភ្លេីងខ្លីបាញ់ចំនួន០៥គ្រាប់ ដេីម្បីគំរាមដល់កម្លាំងគយចុះបង្ក្រាបទំនិញគេចពន្ធនាំចូល។
លុះមកដល់ថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២៣ ដោយមានបទបញ្ជាពីលោកស្នងការ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកទ្រាំង និងកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំដោយលោកវរ:សេនីយ៍ឯក យុង ញីវ នាយការិយាល័យ ចុះធ្វេីការស្រាវជ្រាវនៅកន្លែងកេីតហេតុ បានរកឃេីញសម្បកគ្រាប់កាំភ្លេីងពណ៌ទឹកប្រាក់ចំនួន០១គ្រាប់។
ដោយមានការសម្របសម្រួលនីតិវិធីពីលោកព្រះរាជ អាជ្ញា កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានឃាត់ខ្លួនឈ្មោះ ណុប សំបូរ រួមជាមួយវត្ថុតាងកាំភ្លេីងខ្លីម៉ាក់GLOCK លេខDZH980 គ្រាប់កាំភ្លេីងចំនួន១៥គ្រាប់ (គ្រាប់ពណ៌ទឹកប្រាក់ចំនួន ១០គ្រាប់) បង់កាំភ្លេីងចំនួន០១ និងរថយន្ត០១គ្រឿង ម៉ាក់FORD RANGER WILDTRAK ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1BY-9899 យកមកសាកសួរនិងកសាងសំណុំរឿងទៅតាមនីតិវិធី។
ប្រភពនិយាយថា លោក ណុប សំបូរ ជាអ្នកកាងទំនិញនៅក្នុងភូមិសាស្ត្រខេត្តតាកែវ តែងតែបង្កការអុកឡុកគ្រប់រូបភាពជាពិសេសនៅពេលដែលរថយន្តដឹកទំនិញនានាមិនទាន់បង់ប្រាក់ឲ្យខ្លួនគឺតែងតែឃាត់បង្ខំអោយបងប្រាក់ដាក់ខែដោយមិនឲ្យរួចខ្លួនមួយណាឡើយ។ ជននេះបង្កឲ្យប្រជាពលរដ្ឋអ្នកធ្វើដំណើរទោះយប់ឬថ្ងៃមានការភ័យខ្លាចជាខ្លាំង។ គេសង្ឃឹមថាបុគ្គលម្នាក់នេះមិនអាចគេចផុតពីសំណាញ់ច្បាប់បានឡើយ៕
ដោយ៖ សូរិយា