ព័ត៌មានទាន់ហេតុការណ៍៖

ត្រីមេពូជធំៗរួមទាំងប្រភេទត្រីជិតផុតពូជនៅដងទន្លេមេគង្គលើត្រូវបានគេនេសាទមកលក់នៅលើទីផ្សារខេត្តស្ទឹងត្រែងក្នុងរដូវបិទនេសាទ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ បើទោះជាដល់រដូវបិទនេសាទក៏ដោយក៏គេសង្កេតឃើញប្រភេទត្រី​កម្រ​និងជាត្រីមេពូជធំៗពងពេញៗពោះ ត្រូវបានគេនេសាទយកមកដាក់​លក់​លើ​ទីផ្សារខេត្តស្ទឹង​ត្រែង​ ​ខណៈ​ដែលភាគច្រើនជាអាជីវករប្រមូលទិញ​យកទៅកាន់ទីផ្សារប្រទេសជិតខាងនិងតាមបណ្ដាខេត្តនានាក្នុងប្រទេសកម្ពុជា។​

នៅដើមខែកក្កដានេះមានភ្លៀងធ្លាក់ខ្លាំងទឹក​ទន្លេ​មេគង្គឡើង ពពួក​ត្រី​ដែល​រស់​នៅ​តាម​ដងទន្លេមេគង្គលើជា​ប្រភេទកម្រនិងត្រីមេពូជធំៗពងពេញៗពោះ មានដូចជា ត្រីក្អែក, ត្រីតានេល, ត្រីប្រា, ត្រីពោ, ត្រីដំរី, ត្រីឆ្កោក, ត្រីកេះ, ត្រីប៉ាវ៉ា,ត្រីព្រួល, ត្រីខ្លា និង​ត្រី​ជា​ច្រើន​ប្រភេទទៀត…ត្រូវអ្នកនេសាទចាប់យកមកលក់ ហើយគេឃើញលក់ជាចំហនៅតាមបណ្ដាផ្សារនានាក្នុងខេត្តស្ទឹងត្រែង។ពាក់ព័ន្ធក្នុងករណីខាងលើនេះមន្ត្រីជលផលបានឱ្យដឹងថា ក្រុមរបស់មន្ត្រីជលផលជារៀងរាល់ថ្ងៃបានចុះ​ល្បាត​នៅ​តាម​ដងទន្លេមេគង្គ បាន​ប្រទះ​ឃើញ​ជនខិលខូចនៅតែលបលួចប្រើ​ឧបករណ៍​នេសាទខុសច្បាប់។ ពេលសមត្ថកិច្ចចុះបង្ក្រាបពួកអ្នកនេសាទល្មើសច្បាប់ទាំង នោះបើក​ទូក​រត់​គេច បន្សល់ទុក្ខវត្ថុតាងល្មើសជាច្រើនត្រូវ​បានកម្លាំងជំនាញប្រមូលបានយកមកដុតបំផ្លាញចោលជាច្រើនលើកច្រើនសា។

លោក ស្រី សមវិចិត្រ នាយខណ្ឌជលផលនៃមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តស្ទឹងត្រែងបានឱ្យដឹងថា នៅក្នុងខែមិថុនាកន្លងទៅនេះក្រុមអភិរក្សត្រីមេពូជបានចុះបង្ក្រាបបទល្មើសចំនួន ៧០លើក, បង្ក្រាបបានករណីល្មើសចំនួន២០ករណី, ដកហូតបានមងជិត ៣០០០ម៉ែត្រនិងឧបករណ៍ឆក់១គ្រឿង, ទូកឈើចំនួន១គ្រឿង, ម៉ាស៊ីនចំនួន១គ្រឿង ខ្សែកាបភ្ជាប់ខ្សែភ្លើង ប្រវែង២ម៉ែត្រចំនួន១ខ្សែ និងដាយ ប្រវែង៣០ម៉ែត្រ។ រីឯមនុស្សឃាត់ខ្លួនបាន១១នាក់យកមកធ្វើការអប់រំ។

 លោកនាយខណ្ឌអំពាវនាវដល់បងប្អូនប្រជានេសាទ​ទាំងអស់​ថា បើ​ស្រលាញ់​ធនធានជីវៈចម្រុះ​ដែល​មាននៅតាមដងទន្លេមេគង្គ ប្រជាអ្នកនេសាទទាំងអស់ ត្រូវ​មាន​ឆន្ទៈ​កុំ​ប្រើឧបករណ៍នេសាទខុសច្បាប់ មិនថានៅរដូវបិទបើកនេសាទនោះទេ គឺច្បាប់ហាមឃាត់។

 លោកនាយខណ្ឌពន្យល់ថា​ បញ្ហានេះ មន្ត្រីជលផលបានប្រើវិធីសាស្រ្តអប់រំគ្រប់រូបភាពហើយ ភាគី​ពាក់​ព័ន្ធត្រូវជួយទប់ស្កាត់បទល្មើសផ្សេងៗ ព្រោះកន្លងមកមន្ត្រីជលផលបានដកហូត​នូវឧបករណ៍​ឆក់និងបានការឃាត់ខ្លួនជនសង្ស័យយកមកអនុវត្តតាមផ្លូវច្បាប់បញ្ជូនទៅតុលាការផងដែរ។

    បើទោះជាយ៉ាងណាក៏ដោយប្រជាពលរដ្ឋមើលឃើញថា សកម្មភាពនេសាទល្មើសច្បាប់ហាក់ដូចជាមិនញញើតចំពោះសមត្ថកិច្ចនោះឡើយ ផ្ទុយទៅវិញពួកគេធ្វើសកម្មភាពជាចំហ ហាក់ដូចជាមានការឃុបឃិតគ្នាក្នុងចន្លោះប្រហោងណាមួយជាមួយសមត្ថកិច្ចជំនាញ៕

ដោយ៖ សហការី


ចែករំលែក៖