ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ផ្ញើសាររំលែកទុក្ខជូនលោក រស់ សម័យ និងក្រុមគ្រួសារ ចំពោះមរណភាពលោកស្រី ម៉ិញ កុសនី រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើ សាររំលកទុក្ខ ផ្ញើជូន ឯកឧត្តម រស់ សម័យ ព្រមទាំងក្រុមគ្រួសារ ! 

ឯកឧត្តម ជាទីរាប់អាន

ខ្ញុំនិងភរិយាបានទទួលដំណឹងដ៏ក្រៀមក្រំថាលោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលត្រូវជាភរិយារបស់ឯកឧត្តម បានទទួលមរណភាពនៅវេលា ម៉ោង ៤:៥០ នាទីព្រឹក ថ្ងៃអង្គារ ២រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ។

ក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ខ្ញុំ និងភរិយាសូមសម្ដែងនូវការសោកស្តាយ យ៉ាងជ្រាលជ្រៅចំពោះមរណភាពរបស់លោកជំទាវ ម៉ិញ កុសនី គឺជាការបាត់បង់ភរិយា ម្ដាយ ជីដូន ជាទីគោរពស្រលាញ់ប្រកបដោយព្រហ្មវិហារធម៌ក្នុងការអប់រំផ្ដល់ដំបូន្មានដល់កូនចៅ និងជា ព្រឹទ្ធាចារ្យសិល្បៈមួយរូបដ៏ល្បីល្បាញលើវិស័យសិល្បៈរបាំបុរាណខ្មែរ ដែលបានបូជាកម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការរួមចំណែកយ៉ាងសកម្មក្នុងការបម្រើវិស័យសិល្បៈវប្បធម៌។ ទោះបីរូបកាយ របស់លោកជំទាវ បានបាត់បង់ទៅមែនពិត ប៉ុន្តែអំពើជាកុសល កិត្តិយស សេចក្ដីថ្លៃថ្នូរនឹងនៅ ស្ថិតស្ថេរក្នុងសន្តានចិត្តកូន ចៅ និងញាតិមិត្តជិតឆ្ងាយទាំងអស់ជានិច្ចនិរន្តរ៍។

ខ្ញុំ និងភរិយាសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធលោកជំទាវ ម៉ិញ កុសនី សូមឆាប់ បានចាប់កំណើតកើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ សូមឯកឧត្តមទទួលនូវមនោសញ្ចេតនារំលែកទុក្ខដ៏ក្រៀមក្រំពីខ្ញុំ និងភរិយា ៕

ដោយ ៖ សិលា


ចែករំលែក៖