ការប្រកួត FIFA Women’s World Cup ឆ្នាំ២០២៣ ដែលកំពុងរៀបចំនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់នឹងចាប់ផ្តើមក្នុងខែកក្កដានេះហើយ។ តើការប្រកួតបាល់ទាត់ពិភពលោករបស់ស្ត្រីឆ្នាំ២០២៣ ចាប់ផ្តើមនៅពេលណា? ខាងក្រោមនេះគឺជាព័ត៌មានមួយចំនួនពីព្រឹត្តិការណ៍ខាងលើនេះ៖
ការប្រកួតបាល់ទាត់ពិភពលោកនារីឆ្នាំនេះធ្វើនៅប្រទេសអូស្ត្រាលី និងនូវែលសេឡង់ជាម្ចាស់ផ្ទះ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ ខែកក្កដា ដល់ថ្ងៃទី២០ ខែសីហា។ ការប្រកួតនឹងចាប់ផ្តើមជាមួយនឹងការប្រកួតក្នុងពូល A រវាងម្ចាស់ផ្ទះនូវែលសេឡង់ និងន័រវេសនៅថ្ងៃទី២០ ខែកក្កដាតែម្តង។
តើក្រុមណាខ្លះចូលរួម?
ការប្រកួត World Cup នឹងមានក្រុមចំនួន៣២ ហើយចាប់ផ្តើមជាមួយនឹងវគ្គចែកពូល ដោយក្រុមចែកចេញជា៨ពូល ក្នុង១ពូលមាន៤ក្រុម ដូចជា៖
*ពូល A ៖ នូវែលសេឡង់ (ម្ចាស់ផ្ទះ), ន័រវេស, ហ្វីលីពីន, ស្វីស
*ពូល B៖ អូស្ត្រាលី (ម្ចាស់ផ្ទះ), កាណាដា, នីហ្សេរីយ៉ា, អៀរឡង់
*ពូល C៖ កូស្តារីកា, ជប៉ុន, អេស្ប៉ាញ, ហ្សំប៊ី
*ពូល D៖ ចិន, ដាណឺម៉ាក, អង់គ្លេស, ហៃទី
*ពូល E៖ ហូឡង់, ព័រទុយហ្គាល់, សហរដ្ឋអាមេរិក, វៀតណាម
*ពូល F៖ ប្រេស៊ីល, បារាំង, ហ្សាម៉ាអ៊ីក, ប៉ាណាម៉ា
*ពូល G៖ អាហ្សង់ទីន, អ៊ីតាលី, អាហ្រ្វិកខាងត្បូង, ស៊ុយអែត
*ពូល H៖ កូឡុំប៊ី, អាល្លឺម៉ង់, កូរ៉េខាងត្បូង, ម៉ារ៉ុក
តើការប្រកួតនៅកីឡដ្ឋានណាខ្លះ?
ការប្រកួតនឹងធ្វើឡើងនៅកីឡដ្ឋានចំនួន១០ដូចជា Lang Park, Hindmarsh Stadium, Melbourne Rectangular Stadium, Perth Oval, Stadium Australia, Sydney Football Stadium, Dunedin Stadium, Eden Park, Waikato Stadium និង Wellington Regional Stadium។
កីឡដ្ឋានចំនួន៦មានទីតាំងនៅប្រទេសអូស្ត្រាលី ខណៈដែលកីឡដ្ឋានចំនួន៤ទៀតស្ថិតនៅក្នុងប្រទេសនូវែលសេឡង់។ ជាមួយនឹងកន្លែងអង្គុយចំនួន៧០,០០០ កីឡដ្ឋាន Stadium Australia គឺជាកីឡដ្ឋានដ៏ធំបំផុតនៃការប្រកួតបាល់ទាត់ពិភពលោក។
តើកាលបរិច្ឆេទប្រកួតមានអ្វីខ្លះ?
ការប្រកួតនឹងមានទម្រង់វិលជុំក្នុងវគ្គចែកពូល នៅពេលដែលក្រុមនីមួយៗនៃ៣២ក្រុម ក្នុងពូលទាំង៨ លេង៣ប្រកួតក្នុងពូល។ ក្រុមនឹងទទួលបាន៣ពិន្ទុសម្រាប់ការឈ្នះ និងមួយពិន្ទុសម្រាប់ស្មើ។ ការប្រកួតវគ្គចែកពូលចុងក្រោយនឹងត្រូវលេងនៅថ្ងៃទី៣ ខែសីហា។
ក្រុមនៅកំពូលតារាង២ក្នុងពូលនីមួយៗមានកៅអីឈានទៅជុំទី១៦ក្រុម។ វគ្គជម្រុះចាប់ផ្តើមនៅថ្ងៃទី៥ ខែសីហា ហើយមានការប្រកួតបន្តដល់ម៉ោងបន្ថែម និងប៉េណាល់ទីដើម្បីសម្រេចរកអ្នកឈ្នះ បើសិនជាក្រុមនៅតែបន្តលទ្ធផលស្មើគ្នា។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២០ ខែសីហា នៅកីឡដ្ឋាន Stadium Australia ក្នុងទីក្រុងស៊ីដនី ប្រទេសអូស្ត្រាលី ៕
ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)