ខេត្តពោធិ៍សាត់ ៖ តាមសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋស្រុកវាលវែង នារសៀលថ្ងៃអង្គារ ២រោច ខែបឋមាសាឍ ឆ្នាំថោះ ចត្វាស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នេះថា កាលពីម្សិលមិញនៅស្រុកវាលវែងយ៉ាងហោចណាស់ក៏មានមនុស្សចំនួន២នាក់បានស្លាប់បាត់បង់ជីវិត២ករណីផ្សេងគ្នា ។
សេចក្តីរាយការណ៍បន្តថា នៅចំណុចអូររំចេក ស្ថិតនៅភូមិសំឡាញ ឃុំក្រពើពីរ ស្រុកវាលវែង មានបុរសម្នាក់ធ្វើដំណើរដោយម៉ូតូ១គ្រឿងម៉ាក ហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1 AI-7446 ឈ្មោះ ស្រ៊ុន ភារុន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់នៅ ភូមិ.ឃុំកើតហេតុ បានជិះម៉ូតូបុកកំណាត់ឈើដែលអណ្ដែតមកទទឹងផ្លូវ បណ្ដាលឱ្យដួលបោកក្បាលស្លាប់យ៉ាងអាណោចអាធ័ម ។
ប្រភពព័ត៌មានដដែលអះអាងបន្តទៀតថា ក្រោយមកប្រមាណជាង១ម៉ោងថ្ងៃដដែល នៅចំណុចទឹកធ្លាក់ឆាយប្រុយ ស្ថិតនៅភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង មានបុរសឈ្មោះ យ៉ង់ ចំរើនលីអន អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ ជាអ្នកខេត្តបាត់ដំបងមកដើរលេងកម្សាន្តបានដួលស្លាប់ភ្លាមៗដែលគេសង្ស័យថាអាចបណ្ដាលមកពីជំងឺគាំងបេះដូង។ ករណីខាងលើនេះសមត្ថកិច្ចស្ថាប័នជំនាញពាក់ព័ន្ធ សហការជាមួយអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានចុះពិនិត្យនិងស្រាវជ្រាវយ៉ាងត្រឹមត្រូវមុននឹងប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ ប៉ឹម ពិន