ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន បង្ហាញ រូបថត១សន្លឹកជាមួយឧត្តមភរិយា ពេលអញ្ជើញទៅបោះឆ្នោតរៀបចំដោយអ៊ុនតាក់ ឆ្នាំ១៩៩៣

ចែករំលែក៖

ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៅរសៀលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហោះនៅរូបថតមួយសន្លឹកជាមួយនឹងឧត្តមភរិយា គឺសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលថតក្នុងកំឡុងឆ្នាំ១៩៩៣ ពេលដែលសម្ដេចតេជោនិងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត បានអញ្ជើញទៅបោះឆ្នោត ដែលរៀបចំឡើងដោយ អ៊ុនតាក់ ។ 

នៅលើបណ្ដាញ ប្រព័ន្ធ Telegram ផ្លូវការរបស់សម្ដេចបានបញ្ជាក់ថា : ព្រឹកមុិញខ្ញុំបានទៅចូលរួមរៀបការកូន ស្រីលោកជំទាវរដ្ឋមន្ត្រីភឿង សកុណា ដែលនៅទីនោះខ្ញុំបានទទួលរូបថតមួយសន្លឹកដែលខ្ញុំមិនដែលបានឃើញ។

សម្ដេចមានប្រសាសន៍ទៀតថា : រូបថតនេះត្រូវបានថតដោយអ្នកយកព័ត៌មានបរទេសថតថ្ងៃ២៤ឧសភា១៩៩៣ ពេលដែលខ្ញុំនិងភរិយាទៅបោះឆ្នោតនៅរួមខេត្តកំពង់ចាមដែលកាលពេលនោះការបោះឆ្នោតរៀបចំដោយអ៊ុនតាក់។

សម្ដេចបានថ្លែងថា : រូបថតនេះត្រូវបានដាក់ដេញថ្លៃនៅប្រទេសបារាំងដែលក្មួយស្រីឆេង និព័ន្ធ កូនស្រីលោកជំទាវរដ្ឋមន្ត្រីភឿង សកុណា ដេញថ្លៃបាននិងយកមកប្រគល់ឲ្យខ្ញុំនៅថ្ងៃរៀបការរបស់នាង។

សម្ដេចមានប្រសាសន៍ថា : ខ្ញុំនិងភរិយាសូមអរគុណក្មួយស្រី ឆេង និព័ន្ធនិងស្វាមីដែលបានខិតខំចំណាយកម្លាំងនិងថវិកាដេញថ្លៃទិញ យករូបថតដ៍កម្រនេះប្រគល់ឲ្យខ្ញុំ។

សម្ដេចតេជោ ហ៊ុនសែន បានគូសបញ្ជាក់ថា : បើគិតពីឆ្នាំ១៩៩៣មកដល់ឆ្នាំ២០២៣មាន រយៈពេល៣០ឆ្នាំគត់ដែលពេលនោះខ្ញុំ មានអាយុ៤១ឆ្នាំឯភរិយាខ្ញំមានអាយុ៣៩ឆ្នាំ៕

ដោយ ៖ សុខ ខេមរា


ចែករំលែក៖