បម្រែបម្រួលអាកាសធាតុ ដោយសារតែការបំពុលបរិយាកាសបានធ្វើឱ្យពិភពលោកប្រឈមគ្រោះធម្មជាតិជាបន្តបន្ទាប់ ក្នុងនោះមានកម្តៅកើនឡើងខ្ពស់ ទឹកសមុទ្រកើនឡើង ភ្លៀងធ្លាក់ខ្លាំងខុសប្រក្រតី និងបាតុភូតធម្មជាតិជាច្រើនផ្សេងទៀត។
សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣ បានដកស្រង់របាយការណ៍របស់មជ្ឈមណ្ឌលជាតិអាមេរិកសម្រាប់ការព្យាករអាកាសធាតុ បានឱ្យដឹងថា ថ្ងៃទី៣ ខែកក្កដាកន្លងទៅនេះគឺជាថ្ងៃក្ដៅបំផុតមួយមិនធ្លាប់មានដែលត្រូវបានកត់ត្រានៅជុំវិញពិភពលោក ចំពោះមុខការព្រួយបារម្ភកាន់តែខ្លាំងពីការប្រែប្រួលអាកាសធាតុ។
បើតាមទិន្នន័យដែលផ្ដល់ដោយមជ្ឈមណ្ឌលជាតិអាមេរិកសម្រាប់ការព្យាករអាកាសធាតុ កម្រិតមធ្យមនៃសីតុណ្ហភាពសកលបានកើនដល់ ១៧.០១អង្សាសេ ដែលនេះកើនឡើងលើសកម្រិតមធ្យមនៃសីតុណ្ហភាពសកល ១៦.៩២អង្សាសេ ត្រូវបានកត់ត្រាក្នុងខែសីហា ឆ្នាំ២០១៦ ខណៈរលកកម្ដៅកំពុងកើនឡើងនៅជុំវិញពិភពលោក។
តួយ៉ាង តំបន់ភាគខាងត្បូងសហរដ្ឋអាមេរិកបានជួបប្រទះរលកកម្ដៅដ៏ក្ដៅកាលពីប៉ុន្មានសប្ដាហ៍មុននេះ។ រីឯនៅប្រទេសចិន រលកកម្ដៅក៏នៅតែបន្តកើតមានផងដែរ ដោយ សីតុណ្ហភាពកើនលើស៣៥អង្សាសេ ហើយក្នុងតំបន់អាហ្រិ្វកខាងជើង សីតុណ្ហភាពហក់ឡើងដល់ក្បែរ ៥០អង្សាសេឯណោះ។ លើសពីនេះទៅទៀត សូម្បីតែនៅតំបន់អង់តាក់ទិក ដែលបច្ចុប្បន្នកំពុងស្ថិតក្នុងរដូវរងា ក៏កំពុងប្រឈមសីតុណ្ហភាពខ្ពស់ផងដែរ។ ក្រុមអ្នកវិទ្យាសាស្ត្របាននិយាយថាការប្រែប្រួលអាកាសធាតុ គួបផ្សំជាមួយបាតុភូត អែល នីណូ (El Nino) គឺជាមូលហេតុចម្បងធ្វើឱ្យសីតុណ្ហភាពកើនឡើង៕ ដោយ៖ ធីរីណា
រូបថត៖ AFP