ភ្នំពេញ ៖ បើយោងតាម នាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ប្រាប់សារព័ត៌មាន បានអោយដឹងថា : គិតចាប់ពីម៉ោង ៣៖០០នាទី នាថ្ងៃទី០៣ ដល់វេលាម៉ោង ៣៖០០នាទី ថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ សមត្ថកិច្ចកម្ពុជាបានទទួលសំណើចំនួន ០៥ករណីទៀត ដែលស្នើឱ្យជួយសង្គ្រោះជនជាតិបរទេស ១១នាក់។
បើតាមនាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យ បច្ចុប្បន្នភាពស្រាវជ្រាវ តាមបញ្ជីតាមដាន គិតត្រឹមថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ រួមមាន៖
១៖ សំណើក្នុងបញ្ជីតាមដានរបស់សម្តេចក្រឡាហោម សរុប ៩៨០ករណី មានមនុស្ស ២,៥៤១នាក់
២៖ បានស្រាវជ្រាវស៊ើបអង្កេតបឋម ៩៤១សំណើ និងបិទសំណុំរឿង ៣២១សំណើ (រកឃើញមនុស្ស ១,៤៧៦នាក់, ឃាត់ខ្លួនជនសង្ស័យ ១៣៧នាក់, បិទក្រុមហ៊ុន ៥ទីតាំង, និងផ្អាកអាជីវកម្ម ក៏ដូចជាស្រាវជ្រាវក្រុមហ៊ុន ៤ទីតាំង)
៣៖ កំពុងបន្តបើកប្រតិបត្តិការស្រាវជ្រាវ និងស៊ើបអង្កេត ៣៩ករណី។
សមត្ថកិច្ចកម្ពុជា , តែងតែបានបំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការជួយជនរងគ្រោះ បង្ក្រាបបទល្មើស រៀបចំ សន្តិសុខ សណ្ដាប់ធ្នាប់ អនុវត្តតាមនយោបាយភូមិ-ឃុំមានសុវត្ថិភាពជាប្រចាំ ៕
ដោយ ៖ សហការី