ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនខ្លួនជនសង្ស័យដែលប្រើល្បិចឆបោកតាមទូរស័ព្ទ បោកយកប្រាក់ជនរងគ្រោះបានជាហូរហែ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ នារសៀលថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ បានបញ្ជូនខ្លួនជនសង្ស័យម្នាក់ដែលប្រើល្បិចឆបោកតាមទូរស័ព្ទ បោកប្រាក់ជនរងគ្រោះបានជាហូរហែទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។

    ទន្ទឹមជាមួយការរីកចម្រើននៃបច្ចេកវិទ្យាឌីជីថលក៏មានបុគ្គលមួយចំនួនប្រឈមនឹងការប្រើប្រាស់ដោយខ្វះការ ប្រុងប្រយ័ត្ន រហូតបង្កជាឱកាសដល់ជនទុច្ចរិតប្រើភាពចន្លោះប្រហោងទៅជាការឆបោកគ្រប់រូបភាព ធ្វើឱ្យមានជនរងគ្រោះ ជាច្រើនត្រូវបានខាតបង់ប្រាក់កាស រហូតមានជនរងគ្រោះខ្លះរងសម្ពាធផ្លូវចិត្តគិតខ្លីឈានទៅដល់ការធ្វើអត្តឃាតក៏មាន។ 

    កន្លងមកមានការឆបោកតាមរយៈហ្វេសប៊ុក ដោយជនទុច្ចរិតប្រើរូបភាពស្រីស្អាតឬប្រុសសង្ហា បង្កើតជាគណនី ក្លែងបន្លំ បោកបញ្ឆោតលួងលោមស្នេហាជាមួយជនរងគ្រោះរហូតឈានទៅដល់ការបោកប្រាស់ប្រាក់កាសអស់ជាច្រើន ហើយក៏មានករណីខ្លះទៀតជនទុច្ចរិតបានប្រើគណនីហ្វេសប៊ុកក្លែងក្លាយ បន្លំជាអ្នកមាន ឬជាសប្បុរសជនធ្វើជាមានចិត្តចង់ជួយជនរងគ្រោះ ដោយបញ្ឆោតថាបានផ្ញើវត្ថុមានតម្លៃឬថវិកាឱ្យមកជនរងគ្រោះ ចុងក្រោយបង្កើតឧបសគ្គផ្សេងៗ បញ្ឆោតឱ្យជនរងគ្រោះផ្ញើប្រាក់ត្រឡប់ទៅវិញដើម្បីដោះស្រាយបញ្ហា ក្លាយទៅជាការខាតបង់ម្តងហើយម្តងទៀត ហើយក៏មានករណីឆបោកតាមការតេទូរស័ព្ទ ដោយជនទុច្ចរិតបានប្រើវិធីសាស្ត្រចុចលេខទូរស័ព្ទសម្រាប់តេ តាមការចៃដន្យ បោកបញ្ឆោតជនរងគ្រោះថា ត្រូវរង្វាន់ឬត្រូវឆ្នោតផ្សងសំណាងខ្នាតធំ ហើយក៏បញ្ឆោតឱ្យជនរងគ្រោះផ្ទេរប្រាក់ខ្លះត្រឡប់ទៅវិញដើម្បីជាថ្លៃសេវាប្តូរយករង្វាន់ និងខ្លះទៀតក្លែងជាសាច់ញាតិជនរងគ្រោះ ហើយកុហកថាខ្លួនជួបគ្រោះថ្នាក់ចរាចរណ៍ ឬជួបឧបទ្ទហេតុផ្សេងៗ រួចក៏បញ្ឆោតបំភ័យឱ្យជនរងគ្រោះខ្វះការប្រុងប្រយ័ត្ន រហូតផ្ញើប្រាក់ជាច្រើន យកទៅដោះស្រាយបញ្ហាភ្លាមៗ ក៏ក្លាយជាការខាតបង់ប្រាក់កាសតាមល្បិចបោកបញ្ឆោតរបស់ជនល្មើស។ 

    ល្បិចឆបោកដដែលៗនេះ ត្រូវបានសមត្ថកិច្ចបង្ក្រាបនិងផ្សព្វផ្សាយជាហូរហែ តែក៏នៅមានជនទុច្ចរិតផ្សេងទៀតយកមកប្រើប្រាស់នៅតែមានប្រសិទ្ធិភាពបោកបញ្ឆោតជនរងគ្រោះបានជាបន្តបន្ទាប់ផងដែរ។ ជាក់ស្តែង នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣នេះ មានករណីបោកប្រាស់តាមទូរស័ព្ទមួយបែប ត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបង្ក្រាបដោយជោគជ័យ ដែលជនសង្ស័យឈ្មោះ គុជ ស៊ុយទ្រី ភេទប្រុស អាយុ៤៣ឆ្នាំ បានធ្វើការបោកប្រាស់ស្ត្រីចំណាស់ជាច្រើនករណី តាមរយៈចុចលេខទូរស័ព្ទពីមួយខ្សែទៅមួយខ្សែ រកមើលសំឡេងស្ត្រីចំណាស់ ហើយបានប្រើល្បិចហៅជនរងគ្រោះថាម៉ែ និងក្លែងជានិយាយថា កូនបើកម៉ូតូបុករថយន្តគេបាក់ធ្មេញនិយាយមិនច្បាស់ ហើយធ្វើឱ្យរថយន្តគេខូចខាតធ្ងន់ធ្ងរ ត្រូវការប្រាក់ចន្លោះពី ៣០០០ ទៅ ៥០០០ ដុល្លារ ដើម្បីដោះស្រាយសងរថយន្តគេបញ្ចប់រឿង ហើយជនរងគ្រោះភ័យស្លន់ស្លោក៏ប្រឹងរកប្រាក់វេរឱ្យជនសង្ស័យភ្លាមៗតែម្តង។ 

    បច្ចុប្បន្ន ជនសង្ស័យកំពុងត្រូវបានកងរាជអាវុធហត្ថរាជធានីភ្នំពេញបញ្ជូនទៅតុលាការ ហើយកំពុងស្ថិតក្នុងដំណាក់កាលតំណាងអយ្យការបើកការស៊ើបសួរ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖