ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញចូលរួមគោពវិញ្ញាណក្ខន្ធ លោកជំទាវ ម៉ិញ កុសនី

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញចូលរួមគោពវិញ្ញាណក្ខន្ធ លោកជំទាវ ម៉ិញ កុសនី រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃពុធ ៣រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។

នៅក្នុងសមានទុក្ខដ៏ក្រៀមក្រំនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានសម្តែងនូវការសោកស្តាយយ៉ាងជ្រាលជ្រៅ និងចូលរួមរំលែកទុក្ខជាមួយ ឯកឧត្តម រស់ សម័យ និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោកជំទាវ ម៉ិញ កុសនី កាលពីវេលាម៉ោង ៤:៥៥ នាទីព្រឹក ថ្ងៃចន្ទ ១រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៣ ក្នុងជន្មាយុ ៧៧ឆ្នាំ ដោយរោគាពាធ ។

មរណភាពរបស់ លោកជំទាវ ម៉ិញ កុសនី គឺជាការបាត់បង់ភរិយា ម្តាយ ជីដូន ជាទីគោរព ស្រលាញ់ ប្រកបដោយព្រហ្មវិហារធម៌ ក្នុងការអប់រំផ្ដល់ដំបូន្មានដល់កូនចៅ និងក៏ដូចជាបាត់បត់នូវព្រឹទ្ធាចារ្យ សិល្បៈ ដ៏ល្បីល្បាញមួយរូបលើវិស័យ សិល្បៈ របាំបុរាណខ្មែរដែលបានបូជាកម្លាំងកាយ ចិត្ត ប្រាជ្ញាស្មារតី និងពេលវេលា ចូលរួមចំណែកយ៉ាងសកម្ម ក្នុងការបម្រើ វិស័យ សិល្បៈ វប្បធម៌ ដែលជាគំរូវីរភាព និង ជាគុណបំណាច់ ចំពោះបុព្វហេតុ បម្រើជាតិ មាតុភូមិ។ 

ជាចុងក្រោយសម្តេចកិត្តិសង្គហបណ្ឌិតបានឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោកជំទាវ ម៉ិញ កុសនី បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ៕

ដោយ ៖ សហការី


ចែករំលែក៖