ព័ត៌មានទាន់ហេតុការណ៍៖

សាលក្រមផ្តន្ទាទោសអនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ ក្រសួងសង្គមកិច្ច អតីតយុវជនដាក់ពន្ធនាគារ៣ ឆ្នាំ ពីបទ.ពុករលួយ

ចែករំលែក៖

ភ្នំពេញ ៖ លោកស្រី យី សុខវួច ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៥ ខែកក្កដាឆ្នាំ២០២៣ បានសម្រេចប្រកាសសាលក្រមផ្តន្ទាទោសលើជនជាប់ចោទឈ្មោះ ឡាយ សំណាង ភេទប្រុស អាយុ ៥៣ ឆ្នាំ អតីត អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតីសម្បទា ដាក់ពន្ធនាគារ៣ ឆ្នាំ និងពិន័យ ជាប្រាក់ចូលថវិការដ្ឋចំនួន២០០ លានរៀល និងរឹបអូសទ្រព្យសម្បត្តិមួយចំនួនទៀត ពីបទ.ពុករលួយ”ការកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងសម្អាតប្រាក់” ។ សាលក្រមបានប្រកាសធ្វើឡើងជាសាធារណៈ ដោយបើកផ្លូវទុកសិទ្ធិឲ្យប្តឹងឧទ្ធរណ៍តាមកំណត់ច្បាប់ បើសិនភាគីណាមួយមិនសុខចិត្តចំពោះការកាត់ក្តីនេះ ។

 សូមបញ្ជាក់ថា លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នក នាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា លោក សំម ឬទ្ធីវាសនា ព្រះរាជអាជ្ញារង តំណាងអយ្យការ បានបើកការស៊ើបសួរលើជនសង្ស័យពាក់ព័ន្ធសំណុំរឿងអំពើពុករលួយ កាលពីរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ ត្រូវបានបញ្ចប់ហើយ ហើយតំណាងអយ្យការក៏បានសម្រេចចោទប្រកាន់ជនសង្ស័យពីបទ.ពុករលួយ តាមមាត្រា ៥៩៧ និងមាត្រា ៥៩៨ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងសម្អាតប្រាក់ និង ហិរញ្ញប្បទាន ភាវរកម្ម ។ លោកអ្នកនាំពាក្យបន្តថា ក្រោយពីតំណាងអយ្យការធ្វើការចោទប្រកាន់ជាផ្លូវការហើយសំណុំរឿងបានចាត់ទៅចៅក្រមស៊ើបសួរ ដើម្បីសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្តោះអាសន្ន រង់ចាំបើកសវនាការផ្តន្ទាទោសតាមច្បាប់ជាធរមាន ។ 

សូមជម្រាបថា អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា (ACU) កាលពីព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានចាប់បញ្ជូន អនុប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងផ្គត់ផ្គង់ នៃក្រសួងសង្គមកិច្ចអតីតយុវជន និងយុវនីតីសម្បទា និងជាភ្នាក់ងាររបស់ក្រសួង ដើម្បីបើកប្រាក់ពីធនាគារ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធករណីកិបកេងថវិការដ្ឋ ជាង១,៥០០លានរៀល ស្មើជាង៣៨ម៉ឺនដុល្លារអាមេរិក ។ ក្រៅពីកិបកេងថវិការដ្ឋជាង៣៨លានដុល្លារ ជនសង្ស័យរូបនេះ ក៏ជាប់ពាក់ព័ន្ធនឹងការកិបកេងប្រាក់របបគោលនយោបាយរបស់រដ្ឋជូនជនពិការក្រីក្រនៅតាមសហគមន៍ចំនួនជិត ៤ពាន់នាក់ និងក៏សង្ស័យជាប់ពាក់ព័ន្ធបទល្មើសសម្អាតប្រាក់ថែមទៀតផង ៕

ដោយ ៖ រ៉ារ៉ា


ចែករំលែក៖