ភ្នំពេញ៖ លោក ប្រាជ្ញ ចន្ទ ប្រធាន គ.ជ.ប បានថ្លែងថា៖ រាជរដ្ឋាភិបាលកម្ពុជា បានចំណាយថវិកាជិត ១លានដុល្លារ ដើម្បីទិញទឹកខ្មៅលុបមិនជ្រះ សម្រាប់បម្រើដល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។
ការថ្លែងបែបនេះរបស់លោក ប្រាជ្ញ ចន្ទ បានធ្វេីឡេីងថ្លែងនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ នាឱកាសគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) រៀបចំពិធីបង្ហាញ និងសាកល្បងគុណភាពទឹកខ្មៅ ដែលប្រើសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។
លោកប្រធាន គ.ជ.ប បានគូសបញ្ជាក់ថា កម្ពុជាបានទិញទឹកខ្មៅលុបមិនជ្រះពីប្រទេសឥណ្ឌាចំនួន ៥២,០០០ដប ខណៈ ១ដបមានតម្លៃ ១៧.៦៣ដុល្លារ។ លោកបន្តថា កម្ពុជាបានចំណាយ ៩១៦,៧៦០ដុល្លារ លើថ្លៃទឹកថ្នាំ និងចំណាយថវិកា ៤៦,៥៥០ដុល្លារ លើថ្លៃដឹក និងធានារ៉ាប់រង។
សូមជម្រាបថា ទឹកខ្មៅ គឺជានីតិវិធី និងជាយន្តការមួយក្នុងចំណោមនីតិវិធីជាច្រើនទៀតរបស់ គ.ជ.ប ដើម្បីធានាដល់ភាពត្រឹមត្រូវនៃការបោះឆ្នោត។ ជាពិសេសធានាថា ប្រជាពលរដ្ឋខ្មែរមួយរូប បោះឆ្នោតបានតែមួយដងប៉ុណ្ណោះ៕
ដោយ៖ សហការី