ព័ត៌មានទាន់ហេតុការណ៍៖

នាឆ្នាំ២០២៤ខាងមុខនេះ! កម្មករកាត់ដេរសង្ឃឹមថា​ ប្រាក់ឈ្នួលអប្បបរមាកើនឡើងថែមទៀត

ចែករំលែក៖

ភ្នំពេញ៖ ក្រុមកម្មករនិយោជិតនៅរោងចក្រកាត់ដេរ​សំលៀកបំពាក់​មួយ ស្ថិតនៅសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែន រាជធានីភ្នំពេញ​ នៅព្រឹកថ្ងៃ​ទី៧​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បាននិយាយថា​ ពួកគាត់សង្ឃឹមថា ប្រាក់ឈ្នួលអប្បបរមានឹងអាចនឹងដំឡើងទៅមុខទៀត ដោយសារការដឹកនាំដ៏ល្អរបស់ប្រមុខរាជរដ្ឋាភិបាលសព្វថ្ងៃនេះ ដែលលោកតែងតែគិតគូរជាប់ជានិច្ច។

ក្រុមកម្មករនិយោជិត​ទាំងនោះ បាននិយាយបន្ថែមថា ប្រាក់​ឈ្នួល​អប្បបរមា​តែងតែមានការ​ដំឡើង​ជារៀងរាល់ឆ្នាំ ទោះបីជាជួបវិបត្តិ​ធ្ងន់ធ្ងរ​ដោយសារកូវីដ១៩ ​យ៉ាងណាក្តី ក្រោមការដឹកនាំរបស់​សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន នៅតែទទួលបានការយកចិត្តទុកដាក់បំផុត​ពីគ្រប់ភាគីពាក់ព័ន្ធ។

គួរបញ្ជាក់ដែរថា​ ក្នុងឆ្នាំ២០២៣នេះ​ ប្រាក់ឈ្នួល​អប្បបរមា​របស់កម្មករនិយោជិតក្នុងវិស័យ​វាយនភណ្ឌកាត់ដេរ សំលៀក​បំពាក់ ស្បែកជើង ​និងផលិតផលិតផលធ្វើដំណើរ ​និងកាបូប ​បានកើនពីចំនួន ៤០ដុល្លារ​អាម៉េរិកក្នុងឆ្នាំ១៩៩៧ រហូតដល់ចំនួន ២០០ដុល្លារអាម៉េរិក។ 

ដោយឡែកប្រធានសហភាព​ការងារ​កម្ពុជា (CLC) ​លោក អាត់ ធន់ បានលើកឡើងព័ន្ធការប្រជុំប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យកាត់ដេរនេះថា ការងារនេះគ្រប់ភាគីពាក់ព័ន្ធ ​ត្រូវជជែកគ្នាជារៀងរាល់ឆ្នាំ ទោះបីជាការឡើងដល់កម្រិតណា ច្រើនឬតិច​ ដាច់ខាតត្រូវតែបន្ត។​ ប៉ុន្តែអ្វីដែលលោកចង់ស្នើបន្ថែម គឺការជំរុញឲ្យមានការពង្រីក​នូវវិស័យ​ផ្សេងទៀត ​ព្រោះកន្លងមកក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈក៏បានបញ្ជាក់ដែរថា វិស័យផ្សេងទៀតក៏មានបញ្ហាប្រាក់ឈ្នួលដែរ ដូច្នេះ​ទាមទារ​ត្រូវមានការយកចិត្តទុកដាក់ដូចគ្នា៕

ដោយ​៖ សហការី


ចែករំលែក៖