ខេត្តបន្ទាយមានជ័យ៖ បុរសវ័យចំណាស់ម្នាក់ដើរឆ្លងផ្លូវត្រូវរថយន្តធុនធំសណ្តោងរុឺម៉កបុកហើយកិនបែកលលាដ៏ក្បាលស្លាប់នៅនឹងកន្លែងនាថ្ងៃទី០៧ ខែកក្តដា ឆ្នាំ២០២៣ឋិតនៅភូមិរវាងកើត ឃុំចំណោម ស្រុកមង្គលបុរី ។
នគរបាលឃុំចំណោមបានប្រាប់ថា៖ជនរងគ្រោះដែលស្លាប់មានឈ្មោះ ម៉ុល សាវឿន ភេទប្រុស អាយុ៥០ឆ្នាំ គាត់មានសតិមិនសូវគ្រប់ រស់នៅភូមិឃុំកើតហេតុ។
នគរបាលបន្តថា៖ មុនពេលហេតុការណ៍កើតឡើង ជនរងគ្រោះបានដើរឆ្លងផ្លូវជាតិក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ជិតពាក់កណ្តាលផ្លូវក៏ត្រូវរថយន្តធុនធំសណ្តោងរុឺម៉កប្រភេទភ្លៅប្រាំ ពាក់ផ្លាកលេខភ្នំពេញ4A.6575 បើកបរក្នុងទិសដៅពីកើតទៅលិចបានបុកហើយកិនបណ្តាលឱ្យជនរងគ្រោះបែកលលាដ៏ក្បាលស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង។
នៅកន្លែងកើតហេតុគេឃើញមន្ត្រីនគរបាលចរាចរណ៍ស្រុកមង្គលបុរីបានចុះទៅពិនិត្យនិងវាស់វែងហើយប្រាប់ថាមូលហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺដោយសារជនរងគ្រោះដើរឆ្លងផ្លូវជាតិពីម្ខាងផ្លូវទៅម្ខាងដោយមិនបានមើលឆ្វេងស្តាំក៏ត្រូវរថយន្តធុនធំបើកបរក្នុងល្បឿនលឿនបានបុកហើយកិនបែកលលាដ៏ក្បាលស្លាប់នៅនឹងកន្លែងតែម្តង។ក្រោយកើតហេតុអ្នកបើកបរបង្កគ្រោះថ្នាក់ត្រូវបានគេចខ្លួនបាត់បន្សល់ទុករថយន្តនៅកន្លែងកើតហេតុ។
នគរបាលបញ្ជាក់ថា៖ ក្រោយពិនិត្យស្រាវជ្រាវនិងធ្វើការវាស់វែងរួចបានប្រគល់សពជនរងគ្រោះជូនសាច់ញាតិដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីយ៍។ ចំណែករថយន្តបង្កគ្រោះថ្នាក់ត្រូវបាននគរបាលយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមង្គលបុរីដើម្បីអនុវត្តតាមច្បាប់៕
ដោយ ៖ វណ្ណា