ព័ត៌មានទាន់ហេតុការណ៍៖

ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ ស្លាប់ជាង ៥០នាក់នៅប៉ាគីស្ថាន

ចែករំលែក៖

សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែកក្កដា ឆ្នាំ២០២៣ បានផ្សាយថា ទីភ្នាក់ងារជាតិគ្រប់គ្រង់គ្រោះមហន្តរាយរបស់ប៉ាគីស្ថាន បានឱ្យដឹងកាលពីថ្ងៃសុក្រសប្តាហ៍នេះ មានមនុស្សសរុបយ៉ាងហោចណាស់ ចំនួន៥០នាក់ហើយ ដែលត្រូវរាយការណ៍ថាបានបាត់បង់ជីវិត នៅក្នុងឧប្បត្តិហេតុពាក់ព័ន្ធនឹង ការធ្លាក់ភ្លៀងនៅទូទាំងប្រទេសប៉ាគីស្ថាន រាប់គិតចាប់តាំងតែពីការចាប់ផ្តើមនៃភ្លៀងរដូវមូសុង កាលពីចុងខែមុន។
អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយប៉ាគីស្ថាន បានបន្តថា អ្នកដែលបានបាត់បង់ជីវិតភាគច្រើន គឺត្រូវបានរាយការណ៍ចេញពីខេត្តពូនចាប (Punjab) ភាគខាងកើតប្រទេស ខណៈមូលហេតុចម្បងនៃការស្លាប់ទាំងនោះ គឺដោយសារការឆក់ខ្សែភ្លើង និងការដួលរលំអគារ។ រីឯ នៅខេត្តខៃបើប៉ាទុនក្វា (Khyber Pakhtunkhwa) ភាគពាយព្យ សាកសពក្មេងៗចំនួន៨នាក់ ទើបតែត្រូវបានគេទាញចេញពីក្រោមបំណាក់ដីមួយ នៅស្រុកសាងឡា (Shangla) កាលពីថ្ងៃព្រហស្បតិ៍។ ដោយឡែក ក្រៅពីអ្នកស្លាប់ ក៏មានមនុស្ស៨៧នាក់ផ្សេងទៀត ទទួលរងរបួសផងដែរ ចាប់តាំងពីការធ្លាក់ភ្លៀងនៃរដូវមូសុង បានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែមិថុនាមក។
ក្រុមអ្នកវិទ្យាសាស្រ្តធ្លាប់បានអះអាងថា បញ្ហាប្រែប្រួលអាកាសធាតុ បាននិងកំពុងធ្វើឱ្យការធ្លាក់ភ្លៀងតាមរដូវកាល មានលក្ខណៈខ្លាំងធ្ងន់ធ្ងរហើយពិបាកនឹងព្យាករជាងមុន។ កាលពីឆ្នាំ២០២២ ភ្លៀងមូសុងធ្ងន់ធ្ងរមិនធ្លាប់មាន បានធ្វើឱ្យមួយភាគបីនៃប្រទេសប៉ាគីស្ថាន ត្រូវស្ថិតនៅក្រោមការជន់លិច ហើយលំនៅឋានប្រហែលជា ២លានខ្នងរងការខូចខាត ខណៈមនុស្សច្រើនជាង១,៧០០នាក់ បានស្លាប់។ ចំណែកឯ កាលពីអំលុងដើមខែមិថុនាកន្លងទៅ ព្យុះភ្លៀងបានឆក់យកជីវិតមនុស្ស២៧នាក់ ក្នុងនោះរួមមានកុមារ៨នាក់ នៅតំបន់ភាគពាយព្យប្រទេស។
ប៉ាគីស្ថាន ដែលមានប្រជាជនច្រើនជាងគេលំដាប់ទី៥ លើពិភពលោក គឺទទួលបន្ទុកមិនដល់១ភាគរយឡើយ នៃការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ជាសកល ប៉ុន្តែគឺជាប្រទេសដែលងាយរងគ្រោះខ្លាំងបំផុតមួយ ចំពោះការវាយប្រហារនៃស្ថានភាពអាកាសធាតុអាក្រក់ ដែលជំរុញដោយការកើនឡើងកម្តៅនៃភពផែនដី៕ ដោយ៖ ធីរីណា

រូប​ថត​៖ TTXVN-VNA


ចែករំលែក៖