ព័ត៌មានទាន់ហេតុការណ៍៖

ពិមាន កូនស្រីសាពូនមី ដាដា ត្រៀមបញ្ចេញស្នាដៃបទចម្រៀងមួយ

ចែករំលែក៖

ភ្នំពេញ៖ មានការចាប់អារម្មណ៍មុននេះក្រោយពីមានការប្រកាសថា សាពូន ដារ៉ាពិមាននឹងបញ្ចេញស្នាដៃសិល្បៈថ្មីមួយគឺត្រៀមបញ្ចេញបទចម្រៀងថ្មីផ្ទាល់ខ្លួន។ ដំណឹងនេះបានធ្វើឲ្យគេចាប់នឹកគិតដល់កន្លងទៅថ្មីៗនេះ តារាចម្រៀងលោក សាពូន មីដាដា បានបង្ហាញជំហរក្នុងការមិនចង់ឲ្យកូនស្រីច្បងរបស់លោក គឺសាពូនដារ៉ាពិមាន ចូលប្រឡូកក្នុងអាជីពសិល្បៈឡើយ បើទោះបីជាលោកបានដឹងច្បាស់ក៏ដោយថាកូនស្រីបណ្តូលចិត្តមាននិស្ស័យ ទេពកោសល្យទាំងការច្រៀង លេងឧបករណ៍តន្ត្រី និងសម្តែងកាត់ទៅតាមលោកនិងភរិយានោះក៏ដោយ។

 លោកសាពូន មីដាដា មិនបានបញ្ជាក់អំពីមូលហេតុនៅពីក្រោយរឿងនេះឡើយ ប៉ុន្តែពេលនេះពិមានអាចនឹងលេចមុខកាន់តែខ្លាំងទាំងនៅលើវិស័យសិល្បៈចម្រៀង និងសម្តែងទៅវិញ ដែលការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីតារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា បានបញ្ចេញPoster ផ្សព្វផ្សាយអំពីការគ្រោងចេញបទចម្រៀងមួយដែលមានចំណងជើងថា “ពីក្រោយជោគជ័យគឺម៉ែ”។ គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេថាតើវាត្រឹមតែជាបទចម្រៀង ឬភ្ជាប់ដោយវីដេអូសម្តែងនោះដែរ។ អ្វីដែលគេចាប់អារម្មណ៍នៅលើ Poster នោះគឺបទចម្រៀងនេះភ្ជាប់ដោយពាក្យថា ”បើអ្នកកំពុងជួបរឿងលំបាកក្នុងជីវិតសូមរងចាំស្តាប់បទនេះ”។ ខណៈដែលបទចម្រៀងមួយនេះត្រូវបានឧបត្ថម្ភការផលិតដោយកញ្ញា ស៊ីង ម៉ី និពន្ធដោយលោក ម៉ាច័ន្ទបញ្ញា សម្តែង និងច្រៀងដោយ សាពូនដារ៉ាពិមាន ផលិតដោយ Colors 9។ 

  ត្រឹមតែផ្ទាំងផ្សព្វផ្សាយនេះក៏អាចធ្វើឲ្យទស្សនិកជនរំភើបចិត្តត្បិតតែគេចង់ឃើញសិល្បករវ័យក្មេងរូបនេះមានបទចម្រៀង ផ្ទាល់ខ្លួនអមដោយការសម្តែងដ៏ជក់ចិត្ត។ ការបញ្ចេញដំណឹងនេះដែរក៏ក្រោយពីមុននេះលោក ម៉ាច័ន្ទបញ្ញា ធ្លាប់បានទម្លាយសាររវាងលោក និងម្ចាស់បទ”និយមន័យស្នេហ៍” គឺលោក សាពូនមីដាដា ត្រូវជាឪពុករបស់ពិមាន ជុំវិញលោកម៉ាច័ន្ទបញ្ញាបានស្នើទៅកាន់លោកសាពូន មីដាដា ឲ្យពិមានចូលប្រឡូកក្នុងការងារសិល្បៈនោះ ហើយក្នុងរយៈពេលចុងក្រោយនេះលោកក៏បានបង្ហាញតម្រុយមួយចំនួនជាបន្តបន្ទាប់អំពីកិច្ចការងារសិល្បៈរួមជាមួយនឹងក្មេងស្រីកម្សត់រូបនេះផងដែរ។ 

  មុននេះផងដែរ គេហទំព័រផ្លូវការរបស់ពិមានក៏ហាក់មានសន្ទុះនៃការគាំទ្រខ្លាំងនិងបានបង្ហាញពីគម្រោងមួយចំនួននៃកិច្ចការងារសិល្បៈដែលហើយមុននេះហ្វេសប៊ុករបស់នាងបានបញ្ចេញខ្លឹមសារខ្លីថាៗ ពិមាន   មានពុកជាតារាចម្រៀង  មានម៉ាក់ជាតារាសម្ដែង   ហេីយម៉ាក់ពិមានតែងប្រាប់ពិមានថា  ខំរៀន  គោរពចាស់ទុំ ។ សូមអ៊ុំពូមីង  រង់ចាំចម្រៀងកូនសម្ដែងឆាប់ៗនេះ។

  ទស្សនិកជននៅបន្តរងចាំតាមដានអំពីស្នាដៃសិល្បៈរបស់នាងដំបូងថានឹងអាចឆក់បានការគាំទ្រពីទស្សនិកជនកម្រិតណា ហើយពួកគេក៏ស្វាគមន៍សម្រាប់វត្តមានសិល្បករវ័យក្មេងដែលមានឈាមជ័រជាអ្នកសិល្បៈផងដែរ៕

ដោយ ៖ វឌ្ឍនា


ចែករំលែក៖