សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី៨ ខែកក្កដា ឆ្នាំ២០២៣បានផ្សាយថា នៅថ្ងៃសៅរ៍នេះ ប្រទេសជប៉ុនបានប្រារព្ធខួប១ឆ្នាំ គិតចាប់តាំងពីអតីតនាយករដ្ឋមន្រ្តីជប៉ុន លោក ស៉ីនហ្សូ អាបេ ត្រូវបានបាញ់សម្លាប់ក្នុងពេលថ្លែងសុន្ទរកថាអំឡុងយុទ្ធនាការឃោសនាបោះឆ្នោតមួយ ដោយបុរសម្នាក់ដែលខឹងសម្បាចំពោះទំនាក់ទំនងរបស់លោកជាមួយក្រុមសាសនា Unification Church។
ករណីឃាតកម្មលោក អាបេ ដែលជាអតីតនាយករដ្ឋមន្រ្តីកាន់តំណែងបានយូរជាងគេបំផុតរបស់ជប៉ុន បានអង្រួនប្រទេសអាស៉ីខាងកើតមួយនេះ ហើយបង្កឱ្យអន្តរជាតិទាំងមូលមានការភ្ញាក់ផ្អើលជាខ្លាំង។ នាយករដ្ឋមន្រ្តីជប៉ុនបច្ចុប្បន្ន គឺលោក ហ្វូមីអុ គីស៉ីដា (Fumio Kishida) ព្រមទាំងមន្រ្តីជាន់ខ្ពស់រដ្ឋាភិបាលនិងសមាជិកសភាដទៃទៀតបានចូលរួមជាមួយភរិយាលោក អាបេ គឺលោកស្រី អាគីអិ (Akie) ក្នុងពិធីគោរពវិញ្ញាណក្ខន្ធលក្ខណៈឯកជន នៅឯព្រះវិហារពុទ្ធសាសនាមួយនាថ្ងៃសៅរ៍នេះ ក្នុងរាជធានីតូក្យូ។ ពេលពិធីបិទបញ្ចប់ទៅ សាធារណជនទូទៅ ក៏ត្រូវបានអនុញ្ញាតឱ្យចូលដាក់បាច់ផ្កា ដើម្បីសម្តែងការគោរពចំពោះវិញ្ញាណក្ខន្ធលោក អាបេ ផងដែរ។
អំឡុងពេលកាន់តំណែងជានាយករដ្ឋមន្រ្តី លោក ស៉ីនហ្សូ អាបេ ត្រូវគេចងចាំសម្រាប់គោលនយោបាយសេដ្ឋកិច្ចរបស់លោក ដែលមានគោលដៅព្យាយាមបញ្ចប់បញ្ហាអតិផរណាជាច្រើនឆ្នាំរបស់ប្រទេសជប៉ុន និងគោលនយោបាយការពារជាតិ ដែលបានបង្កើនការចំណាយលើវិស័យយោធា និងកែសម្រួលនិយមន័យនៃរដ្ឋធម្មនុញ្ញាសន្តិនិយមរបស់ជប៉ុន ដើម្បីអនុញ្ញាតឱ្យកងកម្លាំងជប៉ុនអាចចេញទៅធ្វើប្រតិបត្តិការប្រយុទ្ធនៅក្រៅប្រទេសបានជាលើកដំបូង គិតចាប់តាំងពីសម័យសង្រ្គាមលោកលើកទី២មក។ លោក អាបេ គឺជានាយករដ្ឋមន្រ្តីជប៉ុន កាលពីចន្លោះឆ្នាំ២០០៦-២០០៧ និងចន្លោះឆ្នាំ២០១២-២០២០ ដែលសរុបចូលគ្នាគឺរយៈពេលជិត៩ឆ្នាំ។
ការស្លាប់របស់លោក អាបេ បានបង្កឱ្យមហាជនជប៉ុនបង្ហាញក្តីខឹងសម្បាចំពោះគណបក្សកាន់អំណាច ក្រោយទំនាក់ទំនងរវាងគណបក្សនយោបាយនេះ ហើយនិងក្រុមសាសនា Unification Church ត្រូវបានលាតត្រដាង។ បុរសជាជនសង្ស័យឈ្មោះ តេតស៊ូយ៉ា យ៉ាម៉ាហ្កាមិ (Tetsuya Yamagami) អាយុ៤២ឆ្នាំ ដែលបានប្រើប្រាស់កាំភ្លើងកែច្នៃដើម្បីធ្វើឃាតអតីតមេដឹកនាំជប៉ុនវ័យ៦៧ឆ្នាំរូបនេះ គឺមិនទាន់បានឡើងសវនាការជំនុំជម្រះក្តីនៅឡើយទេ។
បុគ្គល យ៉ាម៉ាហ្កាមិ បានទម្លាក់កំហុសទៅលើលោក អាបេ ថា បានជួយឃោសនាឱ្យក្រុម Unification Church ដែលបានធ្វើឱ្យម្តាយរបស់ខ្លួនបរិច្ចាគថវិការហូតធ្លាក់ទៅក្នុងវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរ៕ ដោយ៖ ធីរីណា
រូបថត៖ conly.vn