ខេត្តកំពង់ស្ពឺ ៖ បុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ធ្ងរត្រូវបានដឹកយកទៅសង្គ្រោះព្យាបាលនៅគ្លីនិកឯកជនមួយកន្លែង ខណៈជិះម៉ូតូឌុបគ្នាហើយរអិលដួលលើផ្លូវត្រូវរថយន្តបើកមកពីក្រោយបុកនិងកិនតែម្តង។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង០៤និង១០នាទីរសៀលថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ នៅលើផ្លូវលេខ(1KS1)ត្រង់ចំណុចភូមិគង់លឹង ឃុំព្រៃក្រសាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
នគរបាលចរាចរណ៍ស្រុកបានឱ្យដឹងថា នៅមុនពេលកើតហេតុមានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០២២ ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ស្ពឺ 1W-4914 បើកបរដោយឈ្មោះ សែម វិសាល ភេទប្រុស អាយុ៣០ឆ្នាំ (របួស) បានឌុបឈ្មោះ សុខ សឿន ភេទប្រុស អាយុ៥៣ឆ្នាំ (បានស្លាប់ភ្លាមៗ) អ្នកទាំងពីរនាក់រស់នៅភូមិព្រៃនរា ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានបើកបរតាមបណ្តោយផ្លូវកំពុងជួសជុលសាងសង់ថ្មី ក្នុងទិសដៅពីទិសខាងលិចទៅទិសខាងកើត លុះពេលបើកបរមកដល់ចំណុចខាងលើម៉ូតូបានរអិលដួល ភ្លាមៗនោះក៏មានរថយន្ត០១គ្រឿងម៉ាក ហុីយ៉ាន់ដាយ( HYUNDAI )ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3B-0443 សណ្តោងសឺមីរុឺម៉ក ពណ៌ខៀវ ពាក់ផ្លាកលេខ ព្រះសីហនុ 4A-2079 អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ(បានចុះគេចខ្លួនបាត់) បើកបរក្នុងទិសដៅស្របគ្នា បានជាន់ពីលើម៉ូតូ ដែលរអិលដួលនោះ បណ្ដាលឱ្យកិនស្លាប់មនុស្សមួយនាក់ ប្រុស(ឈ្មោះ សុខ សឿនដែលជិះពីក្រោយ)។
ក្រោយកើតហេតុនគរបាលចរាចរណ៍បានចុះធ្វើការវាស់វែងនៅកន្លែងកើតហេតុ ហើយបានប្រគល់សពជនរងគ្រោះជូនទៅសាច់ញាតិ ក្រុមគ្រួសារដើម្បីធ្វើបុណ្យតាមប្រពៃណី រួចហើយបានហៅរថយន្ត ដឹកជនរងគ្រោះម្នាក់ទៀតយកទៅព្យាបាល។
ចំណែកអ្នកបើកបររថយន្តក្រោយពេលកើតហេតុបានចុះគេចខ្លួនបាត់។
ចំពោះវត្ថុតាងរថយន្តនិងម៉ូតូខាងលើនគរបាលជំនាញបានកំពុងរៀបចំចាត់ចែងដើម្បីយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ចន្ទ លីហ្សា